ក្លឹប Manchester United កំពុងតាមដានអ្នកចាំទី Senne Lammens របស់ក្រុមជម្រើសជាតិបែលហ្ស៊ិកអាយុក្រោម ២១ឆ្នាំជាអ្នកមកជំនួសអ្នកចាំទី Andre Onana ។ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាការចុះហត្ថលេខាលើអ្នកចាំទីថ្មីមិនមែនជាអាទិភាពសម្រាប់ Ruben Amorim ក្នុងខែមករានោះទេ ប៉ុន្តែអ្នកដែលតាមដានអ្នកចាំទីរបស់ក្លឹប Royal Antwerp មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់គាត់។ United មិនមែនជាក្លឹបតែមួយគត់ដែលចាប់អារម្មណ៍លើ Lammens នោះទេ ដោយក្លឹបយក្សនៅអឺរ៉ុបផ្សេងទៀតក៏បានតាមដានស្ថានភាពរបស់កីឡាករវ័យ ២២ឆ្នាំរូបនេះផងដែរ។
គ្រូបង្វឹកបិសាចក្រហម Ruben Amorim កំពុងចំណាយពេលវេលាជាច្រើនដើម្បីវាយតម្លៃជម្រើសដ៏ល្អបំផុតរបស់គាត់នៅគ្រប់មុខតំណែង រួមទាំងនៅក្នុងផ្នែកអ្នកចាំទីផងដែរ។ កីឡាករ Onana ត្រូវបានគេនាំមកឱ្យសមនឹងប្រព័ន្ធរបស់លោក Erik ten Hag ប៉ុន្តែក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីអាចនឹងមានការផ្លាស់ប្តូររបៀបលេងនៅខាងក្រោយ។ គាត់ក៏មានកំហុសផងដែរសម្រាប់ការស៊ុតបាល់បញ្ចូលទីរបស់ Wolves ដោយផ្ទាល់ពីជ្រុងមួយនៅថ្ងៃ Boxing Day មិនមែនជាកំហុសលើកដំបូងរបស់គាត់នៅក្នុងនាមជាកីឡាករ United នោះទេ។
អ្នកចាំទី Lammens បានការពារការស៊ុតបញ្ចូលទី ២១គ្រាប់ក្នុងការបង្ហាញខ្លួន ២០ដងនៅ Belgian Pro League ក្នុងរដូវកាលនេះ។ កីឡាករវ័យក្មេងរូបនេះក៏បានរក្សា Clean Sheet ចំនួនប្រាំដងផងដែរ ខណៈដែលក្លឹប Antwerp ឈរនៅលេខ ៤ ក្នុងតារាង។
មិនមានការធានាថាក្លឹប Man Utd នឹងផ្ទេរយកអ្នកចាំទី Lammens ក្នុងខែមករានោះទេ ជាពិសេសជាមួយនឹងរបាយការណ៍ដែលបង្ហាញថាកញ្ចប់ថវិកាគឺមានកំណត់សម្រាប់លោក Amorim ដើម្បីដោះដូរកីឡាករនៅក្នុងរដូវរងានេះ។ ក្លឹប Borussia Dortmund នៅ Bundesliga និងក្លឹប Leeds នៅ Championship ក៏កំពុងតាមដានអ្នកចាំទីនេះផងដែរ៕