លោក Carragher បង្ហាញពីឧបសគ្គរបស់ Man City ក្នុងការចុះហត្ថលេខាកីឡាករចំណូលថ្មី

0

ក្នុងការទទួលជ័យជម្នះលើសាលសវនាការនាពេលថ្មីៗនេះ ក្លឹប Man City បានធ្វើការប្រកួតប្រជែងដោយជោគជ័យនូវទិដ្ឋភាពមួយចំនួននៃបទប្បញ្ញត្តិ Financial Fair Play (FFP) របស់ Premier League ជាមួយនឹងក្រុមចៅក្រមជាន់ខ្ពស់ រួមទាំងអតីត Master of the Rolls ដែលកំណត់ថា “ប្រតិបត្តិការភាគីពាក់ព័ន្ធ” របស់ Premier League ត្រូវបានរឹតបន្តឹងដោយអយុត្តិធម៌ចំពោះក្លឹប City ដែលមិនអាចអោយពួកគេមានសមត្ថិភាពក្នុងការបញ្ចប់កិច្ចព្រមព្រៀងឧបត្ថម្ភសំខាន់ៗចំនួន ២។ ថ្វីបើមានសេចក្តីសម្រេចដ៏អំណោយផលនេះក៏ដោយ ក៏ការចោទប្រកាន់ផ្នែកហិរញ្ញវត្ថុចំនួន ១១៥ករណីនៅតែកើតមានសម្រាប់ក្លឹប ដោយទុកឱ្យអនាគតរបស់ក្លឹបស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈដែលមនុស្សជាច្រើនកំពុងរង់ចាំការស្វែងរករបស់គណៈកម្មការឯករាជ្យ។

លោក Pep Guardiola កំពុងជួបបញ្ហារបួសកីឡាករជាច្រើន រួមទាំងអ្នកឈ្នះ Ballon d’Or កីឡាករ Rodri ដែលជាតួសំខាន់ក្នុងខ្សែបម្រើ។ ខណៈពេលដែលមានការរំពឹងទុកថាកីឡាករ Martin Zubimendi របស់ក្លឹប Real Sociedad គឺជាគោលដៅដ៏មានសក្តានុពលសម្រាប់ទីផ្សារដោះដូរកីឡាករខែមករា លោក Carragher ជឿជាក់ថាការចោទប្រកាន់ដែលមិនទាន់បានដោះស្រាយរួចរាល់របស់ក្លឹប Man City អាចនឹងរារាំងកីឡាករដែលមានកេរ្តិ៍ឈ្មោះដូចជាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះពីការចុះហត្ថលេខាជាមួយក្លឹបនៅអង់គ្លេសរហូតដល់សាលក្រមផ្លូវច្បាប់ត្រូវបានចេញ។

នៅក្នុងអត្ថបទរបស់គាត់ជាមួយកាសែត The Telegraph លោក Carragher បានសរសេរថា៖ «កីឡាករណាម្នាក់ដែលត្រូវបញ្ចុះបញ្ចូលអោយផ្ទេរមកកាន់ City នៅចន្លោះពេលនេះ និងចុងបញ្ចប់នៃរដូវកាលនេះ ត្រូវរង់ចាំលទ្ធផលនៃករណីចោទប្រកាន់ទាំង ១១៥នោះសិន។ រហូតទាល់តែវាត្រូវបានដោះស្រាយ ហើយភ្នាក់ងាររបស់កីឡាករគួរតែប្រាប់អតិថជនរបស់ខ្លួនមុនពេលសម្រេចចិត្តក្នុងការចុះហត្ថលេខាទៅលើកិច្ចសន្យា ជាពិសេសប្រសិនបើពួកគេមានជម្រើសជំនួស»។

លោក Carragher ក៏បានចង្អុលបង្ហាញពីភាពមិនច្បាស់លាស់ជុំវិញរចនាសម្ព័ន្ធដឹកនាំរបស់ក្លឹប City។ ដោយលោក Guardiola មិនទាន់បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការបន្តស្នាក់នៅជាមួយក្លឹបលើសពីរដូវកាលនេះទេ ដែលវាក៏ជាកត្តាមួយទាក់ទងទៅនឹងការសម្រេចចិត្តចុះហត្ថេលខារបស់កីឡាករដែលចង់ផ្ទេរមកទីនេះផងដែរ។ លើសពីនេះទៅទៀត ក្លឹបកំពុងឈានចូលដល់ដំណាក់កាលនៃការផ្លាស់ប្តូរនាយកកីឡាបាល់ទាត់ ខណៈលោក Txiki Begiristain នឹងចាកចេញ ហើយលោក Hugo Viana នឹងចូលមកបន្តតំណែងនេះវិញ។

លោក Carragher បានសរសេរថា៖ «លោក Guardiola មិនទាន់បានសន្យាថានឹងបន្តស្នាក់នៅលើសពីរដូវកាលនេះនៅឡើយទេ ហើយវាកំពុងស្ថិតនៅក្នុងពេលអន្តរកាលមួយរបស់ក្លឹបក្នុងការដែលនាយកបាល់ទាត់ Txiki Begiristain នឹងចាកចេញ»។

«តើលោក Guardiola កំពុងរង់ចាំសាលក្រមដែរទេ? ហើយតើលោក Begiristain កំពុងធ្វើកិច្ចព្រមព្រៀងធំបន្ទាប់ទៀតទេ ឬតើអ្នកជំនួសតំណែងថ្មីរបស់គាត់លោក Hugo Viana កំពុងធ្វើការលើបញ្ជីគោលដៅថ្មីរួចហើយឬនៅ? មិនថាក្លឹបមានឋានៈ ឬគ្រឹះរឹងមាំប៉ុណ្ណានោះទេ ស្រមោលខ្មៅនៅតែមានរហូតដល់គណៈកម្មការឯករាជ្យឈានដល់ការសម្រេចចុងក្រោយ ហើយវាអាចនឹងអូសបន្លាយពេលមួយរយៈ ប្រសិនបើសាលក្រម និងការផ្តន្ទាទោសត្រូវបានប្តឹងបន្តទៅកាន់តុលាកំពូល»។

ខណៈដែលក្លឹប City រង់ចាំសាលក្រមចុងក្រោយ ក្តីបារម្ភរបស់ Carragher បង្ហាញពីជំហរមិនច្បាស់លាស់ដែលក្លឹបនឹងអាចជួបប្រទះ។ ការរួមបញ្ចូលគ្នានៃស្ថានភាពផ្លូវច្បាប់ដែលមិនអាចដោះស្រាយបាន និងការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងឡើងវិញមានន័យថាក្លឹប Man City ប្រឈមមុខនឹងផ្លូវមិនច្បាស់លាស់មួយនៅខាងមុខ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើពួកគេត្រូវបានបង្ហាញថាគ្មានទោស នោះវាអាចជម្រះផ្លូវដើម្បីឆ្ពោះទៅមុខដោយមិនមានឧបសគ្គ៕