អនាគតរបស់ Sancho ជាមួយ Man Utd កាន់តែស្មុគ្រស្មាញ

0

ខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេសត្រូវបានចាត់ទុកថាជាចំណែកលើសនៅ Old Trafford កាលពីរដូវកាលមុន បន្ទាប់ពីមិនស្ថិតនៅក្នុងជម្រើសរបស់អ្នកចាត់ការលោក Erik ten Hag។ គាត់បានត្រលប់ទៅកាន់ក្លឹប Borussia Dortmund វិញក្នុងលក្ខខ័ណ្ឌខ្ចីជើង នឹងបានជួយអោយក្លឹបនៅអាឡឺម៉ង់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២៤ ប៉ុន្តែគាត់មិនត្រូវបានជ្រើសរើសអោយចូលក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ Euro ២០២៤ នោះទេ។

ប្រភពដ៏ច្បាស់មួយបានរាយការណ៍ថាកីឡាករ Sancho ត្រឡប់មកកាន់ក្លឹប Manchester United ប៉ុន្តែគាត់បានខកខានការប្រកួតបើករដូវកាល Premier League របស់ United ជាមួយក្លឹប Fulham ដោយសារមានបញ្ហាត្រចៀក។ ការអវត្តមានរបស់គាត់ពីការប្រកួតនោះបានធ្វើឱ្យមានពាក្យចចាមអារ៉ាមមិនឈប់ឈរនៅពេលនិយាយអំពីអនាគតរបស់កីឡាករវ័យ ២៤ឆ្នាំ។

នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានឱ្យដឹងថា Sancho នៅតែអាចបន្តដំណើរទៅមុខទៀត មុនពេលទីផ្សារដោះដូរបិទ។ ក្លឹបយក្សនៅ Ligue 1 Paris Saint-Germain បានចាប់អារម្មណ៍ទៅលើគាត់ផងដែរ។

ក្លឹប Man United ក៏មានអារម្មណ៍ថាក្លឹបអារ៉ាប៊ីសាអូឌីតអាចជាគោលដៅដែលលក់ Sancho បាន ជាមួយនឹងតម្លៃទាមទារ ៤០លានផោន ។ Sancho បានចូលរួមជាមួយបិសាចក្រហមក្នុងឆ្នាំ២០២១ ប៉ុន្តែគាត់ស៊ុតបញ្ចូលទីបានតែ ១២គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ៨៣ដងនៅគ្រប់ការប្រកួតទាំងអស់៕