ក្រោយព្រមព្រៀងផ្ទេរយកខ្សែការពារថ្មី ២នាក់ Man Utd នៅចង់បានខ្សែការពារផ្សេងម្នាក់ទៀត

0

យោងតាមការចេញផ្សាយរបស់លោក David Ornstein អ្នកសារព័ត៌មានរបស់ The Athletic បានអោយដឹងថាក្លឹបបិសាចក្រហមបានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្លឹប Bayern Munich ក្នុងការផ្ទេរយកខ្សែការពារកណ្តាលសញ្ជាតិហូឡង់កីឡាករ De Ligt ។ ការផ្ទេរមួយនេះមានតម្លៃ ៤៥លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៥លានអឺរ៉ូ។ កីឡាករវ័យ ២៤ឆ្នាំ រំពឹងថានឹងធ្វើតេស្តសុខភាពនៅក្នុងពេលឆាប់ៗនេះ មុនពេលចុះហត្ថលេខាទៅលើកុងត្រារយៈពេល ៥ឆ្នាំ ជាមួយនឹងជម្រើសបន្ថែម ១២ខែទៀត។

ប្រភពដដែលបានបន្ថែមទៀតថាក្លឹប United ក៏បានយល់ព្រមទៅលើកិច្ចព្រមព្រៀងដាច់ដោយឡែកមួយទៀតជាមួយនឹងក្លឹប Bayern សម្រាប់ការផ្ទេរខ្សែការពារស្តាំ Mazraoui។ ក្លឹបយក្សនៅ Premier League បានយល់ព្រមបង់ប្រាក់ចំនួន ១៥លានអឺរ៉ូ បូកនឹងប្រាក់បន្ថែម ៥លានអឺរ៉ូ ជាប្រាក់រង្វាន់។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀង គឺអាស្រ័យទៅលើការចាកចេញរបស់កីឡាករ Aaron Wan-Bissaka ដែលត្រៀមទៅចូលរួមជាមួយនឹងក្លឹប West Ham។

ក្រុមរបស់លោក Erik ten Hag ក៏កំពុងពិចារណាលើការចុះហត្ថលេខាលើអតីតខ្សែការពារ Mario Hermoso របស់ក្លឹប Atletico Madrid ដោយមិនគិតថ្លៃ។ កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ២៩ ឆ្នាំរូបនេះអាចលេងជាខ្សែការពារកណ្តាល ក៏ដូចជាខ្សែការពារស្លាបឆ្វេងផងដែរ៕