យោងតាមការចេញផ្សាយរបស់ Sport Bild បានអោយដឹងថាទោះបីជាលក្ខខណ្ឌផ្តាច់កុងត្រា ៦០លានអឺរ៉ូរបស់កីឡាករ Olmo បានអស់សុពលកាលពីថ្ងៃទី២០ ខែកក្ដាក៏ដោយ ក៏ក្លឹប RB Leipzig នៅតែបើកចំហសម្រាប់ការចរចាដដែល។ ក្លឹបនៅ Bundesliga ដឹងអំពីការចំណាប់អារម្មណ៍យ៉ាងច្រើនលើកីឡាកររបស់ពួកគេ ដោយមាន Manchester City, Atletico Madrid និង Bayern Munich សុទ្ធតែជាក្លឹបដែលចង់បានកីឡាកររូបនេះ ដូចទៅនឹងក្លឹប Barcelona ដែរ។ ពួកគេកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានការចុះហត្ថលេខាយកកីឡាករសញ្ជាតិអេស្ប៉ាញ។
ដោយសារតែក្លឹប Barcelona មិនអាចបំពេញតាមតម្លៃផ្តាច់កុងត្រារបស់កីឡាករ Olmo បាន ទើបធ្វើអោយពួកគេគិតរកយុទ្ធសាស្ត្រថ្មីក្នុងការទូរទាត់ថ្លៃផ្ទេរ។ ក្លឹបកំពុងសម្លឹងមើលការរៀបចំវិធីសាស្ត្រថ្មី សម្រាប់ទូរទាត់ថ្លៃផ្ទេរអោយសមស្របទៅនឹងបញ្ហាហិរញ្ញវត្ថុដែលក្លឹបកំពុងជួបប្រទះ ហើយពួកគេអាចនឹងផ្តល់សំណើរផ្ទេរចន្លោះពី ៤០-៥០លានអឺរ៉ូ ដែលត្រូវបង់ជា៣ដំណាក់កាល។ ហើយសម្រាប់ប្រាក់ផ្សេងទៀត ដើម្បីអោយគ្រប់ចំនួន ៦០លានអឺរ៉ូ គឺពួកគេនឹងផ្តល់តាមរយៈប្រាក់រង្វាន់វិញ។
ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថាបានផ្តល់ឱ្យ Olmo នូវកិច្ចសន្យារយៈពេល ៦ឆ្នាំ។ កិច្ចព្រមព្រៀងដ៏យូរនេះនឹងអនុញ្ញាតអោយក្លឹបកាត់បន្ថយថ្លៃផ្ទេរកីឡាករក្នុងរយៈពេលជាច្រើនឆ្នាំ ដោយសារតែបញ្ហាហិរញ្ញវត្ថុ និងត្រូវគោរពតាមបទប្បញ្ញត្តិពី La Liga និង UEFA។ កិច្ចសន្យាដែលបានស្នើឡើងសម្រាប់កីឡាករ Olmo រួមមានប្រាក់បៀវត្សរ៍ដំបូងប្រហាក់ប្រហែលនឹងប្រាក់ចំណូលបច្ចុប្បន្នរបស់គាត់នៅក្លឹប Leipzig គឺ ១១លានអឺរ៉ូ ក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់បៀវត្សរ៍ត្រូវបានកំណត់ថាតម្លើងអោយនៅឆ្នាំទី៣ នៃកិច្ចសន្យានេះ លក្ខខណ្ឌមួយនេះក៏ធ្លាប់បានធ្វើជាមួយនឹងកីឡាករល្បីៗដូចជា Robert Lewandowski និង Ilkay Gündogan។
ដើម្បីជួយសម្រួលដល់ផ្នែកហិរញ្ញវត្ថុដែលត្រូវការសម្រាប់ការទិញយកកីឡាករ Olmo ក្លឹប Barcelona កំពុងពិចារណាលើការលក់កីឡាករជាច្រើននាក់។ ក្នុងចំណោមអ្នកដែលមានសក្តានុពលសម្រាប់លក់មានខ្សែការពារកណ្តាល Clement Lenglet និង Inigo Martinez ព្រមទាំងកីឡាករប្រេស៊ីល Vitor Roque ដែលជាកីឡាករវ័យក្មេងមានទេពកោសល្យម្នាក់។ ទន្ទឹមនឹងការឈ្នះពាន Euro ២០២៤ ធ្វើអោយកីឡាករ Nico Williams និងកីឡាករ Olmo បានក្លាយជាគោលដៅចម្បងសម្រាប់ក្រុមកាតាឡាន និងគ្រូបង្វឹករបស់ពួកគេគឺលោក Hansi Flick ហើយពួកគេនឹងព្យាយាមក្នុងការនាំយកកីឡាករ ២រូបនេះមកកាន់ក្លឹបខ្លួនអោយបាន៕