មានក្លឹបជាច្រើនកំពុងប្រជែងគ្នាចង់បានកីឡាករ Philogene របស់ក្លឹប Hull City

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែបម្រើវ័យ ២២ឆ្នាំ Philogene បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបបីនៅអង់គ្លេសគឺ Crystal Palace, Ipswich Town និង Everton ។ ក្លឹបទាំងនេះបានដាក់សំណើជាផ្លូវការដល់កីឡាកររូបនេះរួចហើយ ហើយការសម្រេចចិត្តរបស់កីឡាករ Philogene លើគោលដៅបន្ទាប់របស់គាត់នឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។

ក្លឹប Barcelona បានចាប់អារម្មណ៍ទៅលើកីឡាករ Philogene គឺផ្តោតទៅលើការកិច្ចព្រមព្រៀងខ្ចីជើងរយៈពេលមួយរដូវកាល ជាមួយនឹងកាតព្វកិច្ចទិញ ដោយអាស្រ័យលើចំនួននាទីដែលគាត់លេងនៅរដូវកាលក្រោយ។ តម្លៃផ្ទេរដែលបានស្នើឡើងសម្រាប់ការផ្ទេរជាអចិន្រ្តៃយ៍អាចមានចន្លោះពី ២០លានអឺរ៉ូទៅ ២៣លានអឺរ៉ូ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករ Philogene ហាក់ដូចជាកំពុងផ្តល់អាទិភាពសម្រាប់ក្លឹបនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ជាជាងការផ្ទេរទៅកាន់ប្រទេសអេស្ប៉ាញ។

លោក Acun Ilicali ម្ចាស់ក្លឹប Hull City បានបង្ហាញអំពីឆន្ទៈរបស់គាត់ក្នុងការអនុញ្ញាតឱ្យកីឡាករចាកចេញ ប្រសិនបើគាត់ចង់ស្វែងរកឱកាសនៅកន្លែងផ្សេង ខណៈពេលដែលមានការចាប់អារម្មណ៍អំពីក្លឹបផ្សេងៗ។ លោក Acun Ilicali បាននិយាយទៅកាន់ talkSPORT ថា៖ «បាទ អ្វីគ្រប់យ៉ាងគឺជាការពិត ប៉ុន្តែខ្ញុំបានប្រាប់អ្នកគាំទ្ររបស់ខ្ញុំថា ខ្ញុំនឹងចុះហត្ថលេខាលើនរណាម្នាក់។ គំនិតរបស់ខ្ញុំនៅក្នុងកីឡាបាល់ទាត់គឺមិនមែនដើម្បីរកលុយទេ គំនិតរបស់ខ្ញុំគឺចង់បង្កើតក្លឹបឱ្យខ្លាំង និងធំជាងនេះ។ ប៉ុន្តែដើម្បីបង្កើតក្លឹបធំជាងនេះ ជួនកាលប្រសិនបើកីឡាករនិយាយថា ខ្ញុំចង់ទៅ នោះជាករណីផ្សេង»។

លោក Ilicali បានសង្កត់ធ្ងន់លើទស្សនវិជ្ជារបស់គាត់ក្នុងការមិនរារាំងអាជីពរបស់កីឡាករដោយសារតែកាតព្វកិច្ចកិច្ចសន្យា។ លោកក៏បានបន្ថែមទៀតថា៖ «សម្រាប់ខ្ញុំការផ្ទេរកីឡាករម្នាក់មិនមែនជាទីបញ្ចប់នៃពិភពលោកនោះទេ។ ប៉ុន្តែសម្រាប់កីឡាកររបស់ខ្ញុំ ខ្ញុំមិនចង់អោយពួកគេបន្តអាជីពរបស់ខ្លួន ឫក៏ផ្ទេរពីព្រោះតែពួកគេមានកុងត្រាជាមួយខ្ញុំនោះទេ»។

កីឡាករ Philogene មានភាពលេចធ្លោក្នុងរដូវកាល ២០២៣-២៤ ដោយបានស៊ុតបញ្ចូលទី ១២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៦ដង។ ទម្រង់លេងដ៏ល្អរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗ រួមមានក្លឹប Barcelona នឹងក្លឹបនៅ Premier League ផងដែរ។ គាត់មានកុងត្រាជាមួយនឹងក្លឹប Hull City ដល់រដូវក្តៅឆ្នាំ២០២៦ ជាមួយនឹងសំណើរជាច្រើនដែលមាននៅលើតុរបស់គាត់ ដូច្នេះគាត់ត្រូវការពិចារណាអំពីគុណសម្បត្តិ និងគុណវិបត្តិអោយបានច្បាស់មុននឹងធ្វើការសម្រេចចិត្តអំពីអនាគតរបស់ខ្លួន៕