កីឡាករ Wirtz បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបយក្សអេស្ប៉ាញ

0

យោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប​ Real Madrid និងកីឡាករ Wirtz មាន «ការព្រមព្រៀងគ្នា» លើកិច្ចសន្យាមួយដែលអោយយុវជនមានទេព្យកោសល្យមួយនេះបន្តស្នាក់នៅក្លឹប Bayer Leverkusen មួយរដូវកាលទៀត មុនពេលដែលក្លឹប Real Madrid ផ្ទេរយកគាត់នៅរដូវក្តៅឆ្នាំ២០២៥។ លក្ខខណ្ឌផ្ទាល់ខ្លួនក៏ត្រូវបានព្រមព្រៀងគ្នាជាមួយនឹងកីឡាករផងដែរ។

ក្លឹប Real Madrid បានធ្វើការអបអរការឈ្នះពាន Champions League លើកទី១៥ របស់ខ្លួនកាលពីដើមខែ ប៉ុន្តែពួកយើងនៅតែសម្លឹងរកមើលការបន្ថែមកីឡាករជាច្រើនទៀតមកក្នុងក្រុមរបស់ខ្លួន។ ការមកដល់របស់កីឡាករ Kylian Mbappe ត្រូវបានបញ្ជាក់កាលពីសប្តាហ៍មុន ហើយនៅពេលនេះក្លឹបបានបន្តរៀបចំផែនការសម្រាប់អនាគត ដោយសម្លឹងរកមើលការចុះកិច្ចព្រមព្រៀងមួយសម្រាប់កីឡាករវ័យក្មេងដ៏ល្អបំផុតរបស់អាល្លឺម៉ង់។ កីឡាករ Wirtz ក៏មានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹប Bayern Munich ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះផងដែរ។

សំណួរមួយក្នុងចំណោមសំណួរដែលកើតឡើងភ្លាមៗទាក់ទងនឹងការផ្លាស់ប្តូរដ៏មានសក្តានុពលរបស់ក្លឹប Madrid សម្រាប់កីឡាករ Wirtz តើទីតាំងណាដែលគាត់សាកសមនឹងលេង ខណៈកីឡាករ Mbappe និង Endrick នឹងត្រៀមក្នុងការមកចូលរួមជាមួយនឹងកីឡាករ Jude Bellingham, Vinicius Junior និង Rodrygo នៅរដូវក្តៅនេះ។ នៅក្នុងសេណារីយ៉ូដែលទំនង គឺកីឡាករ Bellingham អាចនឹងត្រូវដកមកលេងនៅតំណែងលេខ ៨ ដែលអាចអោយកីឡាករ Wirtz នឹងលេងនៅតំបន់ខាងក្រោយខ្សែប្រយុទ្ធបាន។

ពេលនេះ កីឡាករ Wirtz កំពុងទន្ទឹងរង់ចាំការប្រកួតអន្តរជាតិដ៏ធំមួយនៅលើទឹកដីខ្លួនឯង ខណៈដែលគាត់សម្លឹងមើលការដើរតួនាទីសំខាន់ក្នុងយុទ្ធនាការ Euro ២០២៤ របស់ប្រទេសអាល្លឺម៉ង់៕