ក្លឹបបិសាចក្រហមចង់បានកីឡាករដែលមានភាពច្នៃប្រឌិត និងអាចមានភាពមុតស្រួចក្នុងការស្វែងរកគ្រាប់បាល់ សម្រាប់ទីផ្សារដោះដូររដូវក្តៅនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប United បានកំណត់អត្តសញ្ញាណកីឡាករ Eze ជាជម្រើសថ្មីដែលមានសក្តានុពល ដោយគាត់បានស៊ុតបញ្ចូលទីបាន ១១គ្រាប់ និងបញ្ជូនបាល់អោយមិត្តរូមក្រុម ៤ដងក្នុងយុទ្ធនាការ ២០២៣-២៤ សម្រាប់ក្លឹប Crystal Palace ។ កីឡាករវ័យ ២៥ឆ្នាំនេះ កំពុងជាប់ភារកិច្ចសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ Euro ២០២៤។
ផ្នែកមួយនៃបញ្ហាសម្រាប់ក្លឹប Manchester United គឺតម្លៃផ្តាច់កុងត្រារបស់កីឡាករ Eze ប្រមាណ ៦០លានផោន។ ជាមួយនឹងច្បាប់ Financial Fair Play (FFP) ដែលត្រូវយកមកពិចារណា នោះ United នឹងត្រូវលក់ចេញនូវកីឡាករជាមុនសិន មុននិងអាចបញ្ចេញសាច់ប្រាក់ក្នុងការផ្ទេរយកកីឡាករថ្មី។ ផ្ទុយទៅវិញ ក្លឹប Spurs មិនមានការព្រួយបារម្ភអំពីបញ្ហាពាក់ព័ន្ធនឹងច្បាប់លើប្រាក់ចំណេញ និងនិរន្តរភាព (PSR)នោះទេ ដែលផ្តល់ភាពងាយស្រួលក្នុងការប្រជែង។
ក្លឹប Spurs ត្រូវបានចាត់ទុកថាជាក្លឹបនាំមុខសម្រាប់ពេលនេះ ខណៈដែលពួកគេមានទំនាក់ទំនងការងារដ៏រឹងមាំជាមួយក្លឹប Palace ប៉ុន្តែក្លឹប United បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងការប្រជែងនេះ ខណៈដែលប្រធាន INEOS លោក Sir Jim Ratcliffe ព្យាយាមធ្វើឱ្យប្រាកដថាមូលនិធិដែលត្រូវបានបង្កើតឡើងសម្រាប់ការបន្ថែម នឹងលើកកំពស់ស្តង់ដាររួមនៅក្លឹប Manchester ៕