យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានដាក់គោលដៅលើខ្សែបម្រើស្លាបរបស់ក្លឹប Bayern Munich កីឡាករ Serge Gnabry។
ចំពេលមានភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់កីឡាករ Gnabry ខាងក្លឹប Bundesliga បានបង្ហាញអំពីបំណងបើកចំហរក្នុងការចែកផ្លូវជាមួយកីឡាករវ័យ ២៨ឆ្នាំនៅរដូវក្តៅនេះ។ កីឡាករ Gnabry បានជួបការលំបាកក្នុងការទទួលបានពេលវេលាលេងទៀងទាត់នៅកីឡដ្ឋាន Allianz Arena ដោយបានបង្ហាញខ្លួនត្រឹមតែ ១៧ ដងប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ។
អ្នកចាត់ការទូទៅរបស់ Spurs លោក Ange Postecoglou មើលឃើញថាសមត្ថភាពរបស់កីឡាករ Gnabry អាចជាទ្រព្យដ៏មានតម្លៃមួយសម្រាប់យកមកពង្រឹងក្រុមរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ គេចាំមើលថាកីឡាករ Gnabry ដែលជាអតីតកីឡាកររបស់ក្លឹប Arsenal នៅតែមិនប្រាកដប្រជាក្នុងការទៅចូលរួមជាមួយនឹងក្លឹប Tottenham។
ខណៈខាងក្លឹប Tottenham កំពុងស្វែងរកការពង្រឹងក្រុមរបស់ខ្លួននៅរដូវកាលបន្ទាប់ ដោយក្នុងនោះឈ្មោះរបស់កីឡាករ Gnabry បានក្លាយជាគោលដៅមួយយ៉ាងសំខាន់របស់ពួកគេ។ ប្រសិនជាគាត់ផ្ទេរមកកាន់ក្លឹប Spurs មែន គាត់អាចរាប់បញ្ចូលជាថាមពលទៅក្នុងក្រុមប្រយុទ្ធរបស់ Spurs៕