បរទេស៖ កីឡាករ Haaland និង De Bruyne បានខកខានការប្រកួត ដែលធ្វើអោយកីឡាករ Phil Foden ទទួលខុសត្រូវទាំងស្រុង នៅពេលដែលក្លឹប Man City ប្រកួតជាមួយក្លឹប Aston Villa ខណៈម្ចាស់ជើងឯក Permier League រូបនេះបានយកឈ្នះយ៉ាងងាយស្រួលទៅលើក្លឹប Villa ក្នុងលទ្ធផល ៤ទល់នឹង១។ ជាមួយនឹងការធ្វើដំណើរទៅកាន់ Selhurst Park កាន់តែខិតជិតមកដល់ លោក Guardiola បានផ្តល់ការអាប់ដេតដ៏មិនច្បាស់លាស់មួយទៅលើស្ថានភាពរបស់កីឡាករទាំង ២រូប។
លោក Guardiola បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា៖ “ខ្ញុំមិនទាន់ដឹងច្បាស់នោះទេ ពួកយើងទើបតែប្រកួតប៉ុន្មានថ្ងៃមុន។ ខ្ញុំត្រូវតែគិតអំពីវា”។
លោក Guardiola ដឹងថាអ្នកបង្កើតឪកាស និងអ្នកស៊ុតបញ្ចូលទី គឺកីឡាករ De Bruyne និង Haaland ជាកត្តាសំខាន់សម្រាប់ទិសដៅរបស់ក្លឹប Man City សម្រាប់ពានរង្វាន់ទាំង ៣។ ទោះបីជាយ៉ាងណា ដោយសារតែបញ្ហាសុខភាពរបស់ពួកគេក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញទំនងជានឹងប្រើអ្នកទាំងពីរដោយប្រុងប្រយ័ត្ន ដើម្បីរក្សាពួកគេសម្រាប់ការប្រកួត Champions League។
ក្រុមការពារតំណែងជើងឯក Premier League នឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីទទួលក្រុម Crystal Palace នៅថ្ងៃសៅរ៍ទី៦ ខែមេសា ខណៈដែលពួកគេសម្លឹងមើលការកាត់បន្ថយគម្លាតជាមួយក្រុម Liverpool ក្នុងការប្រជែងដណ្តើមជើងឯកលីគ៕