យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Times បានអោយដឹងថាលោក Todd Boehly និង Clearlake Capital អាចនឹងត្រៀមខ្លួនរួចរាល់ក្នុងការយល់ព្រមលក់កីឡាករ James និង Gallagher។ ការលក់កីឡាករ ២រូបនេះ អាចចាត់ទុកថាជាប្រាក់ចំណេញរបស់ក្លឹបសម្រាប់ផ្នែកហិរញ្ញវត្ថុ ដោយសារតែពួកគេជាយុវជនមានទេពកោសល្យរបស់ក្លឹប។
ចាប់តាំងពីការកាន់កាប់ដោយ Clearlake Capital ក្នុងឆ្នាំ ២០២២ ខាងក្លឹប Chelsea បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើកីឡាករ គ្រូបង្វឹក និងបុគ្គលិកជំនួយ។ ជាលទ្ធផល ពួកគេប្រឈមមុននឹងការបំពានច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League ដូចទៅនឹងក្លឹប Everton និង Nottingham Forest ដែលបានទទួលការពិន័យដកពិន្ទុរបស់ពួកគេរួចហើយ។
ប្រភពដដែលបានអោយដឹងថាក្លឹប Chelsea ចង់រកប្រាក់ចំណេញអោយបានលើស ១០០លានផោនសម្រាប់ឆ្នាំ ២០២៣-២៤ ដើម្បីកុំអោយចំណាយលើសដែនកំណត់ ១០៥លានផោនក្នុងរយៈពេល ៣ឆ្នាំ ដែលត្រូវបានកំណត់ដោយច្បាប់លីគ។ ចាប់តាំងពីការកាន់កាប់ក្លឹបនៅទីក្រុងឡុងដ៍ក្នុងខែឧសភាឆ្នាំ ២០២២ ម្ចាស់បច្ចុប្បន្នរបស់ក្លឹប Chelsea បានចំណាយប្រាក់ច្រើនជាង ១ពាន់លានផោន។ ក្រុមតោខៀវបានបំបែកតម្លៃកំណត់ត្រាក្នុងទិញកីឡាករពីរដង និងបានផ្លាស់ប្តូរអ្នកគ្រប់គ្រងបីដងចាប់តាំងពីការចូលកាន់តំណែងរបស់ម្ចាស់ថ្មី។
ប្រសិនបើពួកគេចង់លក់កីឡាករ James និង Gallagher សម្រាប់ហេតុផលដែលបានរៀបរាប់ខាងលើមែននោះ ពួកគេនឹងត្រូវធ្វើអោយបានមុនថ្ងៃទី៣០ ខែមិថុនា បើមិនដូច្នេះទេ ការលក់របស់ពួកគេនឹងចូលទៅក្នុងបញ្ជីហិរញ្ញវត្ថុឆ្នាំ ២០២៤-២៥ ហើយនឹងធ្វើឱ្យពួកគេមានបញ្ហាជាមួយនឹងការខាតបង់ដែលអាចអនុញ្ញាតបានរយៈពេល ៣ឆ្នាំដែលបានរៀបរាប់ពីមុន៕