លោក Mourinho ត្រូវបានក្លឹប Roma បណ្តេញចេញពីតំណែងកាលពីខែមករាកន្លងមក ប៉ុន្តែឥឡូវនេះគាត់បានបញ្ជាក់ថាគាត់ចង់ត្រលប់ទៅធ្វើការវិញនៅរដូវក្តៅនេះ ហើយគាត់បានបដិសេធមិនព្រមទទួលយកការងារពីក្លឹបនៅព័រទុយហ្គាល់មួយផ្សេងទៀត ដោយគាត់បានចាកចេញពីស្រុកកំណើតរបស់គាត់ក្នុងឆ្នាំ២០០៤ ដើម្បីមកដឹកនាំក្លឹប Chelsea ជាលើកដំបូង។
ចាប់តាំងពីចាប់ផ្តើមអាជីពជាអ្នកចាត់ការក្លឹប Benfica លោក Mourinho មិនដែលទំនេរពីការងារលើសពីមួយឆ្នាំទេ បើទោះបីជាគាត់មិនដែលកាន់តំណែងលើសពី ៣ឆ្នាំនោះទេក្នុងនាមជាអ្នកចាត់ការក្លឹបនីមួយៗដែលគាត់ត្រូវបានតែងតាំង។ ជាការពិតណាស់ក្នុងអំឡុងពេលរបស់គាត់នៅដឹកនាំក្លឹបនៅព័រទុយហ្គាល់គាត់បានដឹកនាំក្លឹប Porto ឱ្យឈ្នះពានរង្វាន់លីគចំនួនពីរ ក៏ដូចជាការឈ្នះទាំង UEFA Cup និង Champions League ។
នៅពេលសួរអំពីលទ្ធភាពនៃការវិលត្រឡប់ទៅកាន់តំណែងជាអ្នកគ្រប់គ្រងក្នុងប្រទេសកំណើតវិញ លោក Jose Mourinho បានប្រាប់អ្នកយកព័ត៌មាននៅក្នុងកម្មវិធី Portuguese Grand Prix របស់ Moto GP ថា៖ «គ្មានព័ត៌មាន។ ខ្ញុំមិនទាន់មានក្លឹបនោះទេ ខ្ញុំទំនេរនៅពេលនេះ។ ប៉ុន្តែខ្ញុំចង់ធ្វើការវិញ នៅក្នុងរដូវក្តៅនេះខ្ញុំចង់ធ្វើការវិញ»។
លោក Mourinho អាចនឹងអង្គុយចាំលើកទូរស័ព្ទ ខណៈទីផ្សារដោះដូរកីឡាករនៅរដូវក្តៅជិតមកដល់ ហើយបាល់ទាត់ក្នុងស្រុកក៏ខិតជិតដល់រដូវកាលថ្មីមួយទៀត។ នេះត្រូវបានមើលឃើញថាអាជីពរបស់គាត់មិនទាន់ដល់ទីបញ្ចប់នោះទេ ខណៈអតីតគ្រូបង្វឹក Chelsea និង Real Madrid រូបនេះទំនងជាមានទីផ្សារខ្ពស់ជាថ្មីម្តងទៀត៕