គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងលោក Didier Deschamps បាននិយាយថា Paul Pogba នឹងអាចការពារខ្លួនពីការចោទប្រកាន់ ក្រោយពីជាប់បម្រាម ៤ឆ្នាំមិនឱ្យលេងបាល់ទាត់។
បន្ទាប់ពីតេស្តឃើញសារធាតុហាមឃាត់ ក្រោយពីការប្រកួតនៅ Serie A រវាង Juventus និង Udinese ក្នុងខែសីហា ឆ្នាំ 2023 ថ្មីៗនេះ Pogba ត្រូវបានជាប់ពិន័យរយៈពេល 4 ឆ្នាំ។ ការសម្រេចចិត្តនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់។
ឥឡូវនេះ Deschamps បានអះអាងថា ខ្សែបម្រើដែលឈ្នះពានរង្វាន់ FIFA World Cup 2018 នឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះ និងការពារខ្លួនឲ្យអស់ពីសមត្ថភាព។ លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថ្មីៗនេះ តាមរយៈ Football Italia ថា៖
«ខ្ញុំបាននិយាយជាមួយគាត់ សម្រាប់ផ្លូវចិត្តវាពិបាក។ សាលក្រមតឹងតែង គាត់ត្រូវប្តឹងឧទ្ធរណ៍ ដូច្នេះវានឹងមានសាលក្រមមួយទៀត គាត់នឹងការពារខ្លួនឲ្យអស់ពីសមត្ថភាព។ ខ្ញុំសង្ឃឹមថាគាត់អាចទទួលបានភាពរីករាយក្នុងការលេងនៅលើទីលាន ហើយបន្ទាប់មក ត្រលប់មកក្រុមជម្រើសជាតិបារាំងម្តងទៀត»៕