អ្នកចាត់ការក្រុម Chelsea លោក Mauricio Pochettino បានសារភាពថា លោកខំទប់ទឹកភ្នែក បន្ទាប់ពីក្រុមរបស់លោកចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup ក្រោមថ្វីជើងក្រុម Liverpool។
ក្រុមតោខៀវត្រូវបានក្រុមរបស់លោក Jurgen Klopp យកឈ្នះក្នុងលទ្ធផល 1-0 បើទោះបីជាក្រុមហង្សក្រហមបាត់កីឡាករឆ្នើមមួយចំនួនដោយសាររបួសក៏ដោយ។
លោក Pochettino បាននិយាយតាមរយៈ The Mirror ថា៖ «ខ្ញុំមានអារម្មណ៍ថាមានការគាំទ្រពីពួកគេ។ ខ្ញុំមិនអាចកុហកអ្នកបានទេ។ ពេលខ្ញុំឡើងជណ្តើរនៅកីឡដ្ឋាន Wembley ខ្ញុំមានការពិបាកចិត្តណាស់។ ស្ទើរតែយំ។ ពេលខ្ញុំទៅដល់ទីនោះ វាពិបាកនឹងឃាត់ខ្លួនឯងណាស់។ យើងចង់ឈ្នះពាន Carabao Cup យើងចង់ឈ្នះ FA Cup យើងចង់ឈ្នះ Premier League ឥឡូវនេះវាពិបាកណាស់»។
គួររំលឹកឡើងវិញដែរថា ចាប់តាំងពីការចូលកាន់កាប់របស់លោក Todd Boehly ក្នុងខែឧសភា ឆ្នាំ 2022 ក្លឹប Chelsea បានចំណាយប្រាក់ជាង 1 ពាន់លានផោនលើការផ្ទេរ។ យ៉ាងណាមិញ ការគាំទ្រយ៉ាងខ្លាំងពីសំណាក់ម្ចាស់ក្លឹបមិនទាន់ធ្វើឲ្យក្លឹបទទួលបានជោគជ័យនោះទេ។ ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 12 ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ហើយបច្ចុប្បន្នពួកគេឈរនៅលេខ 11 ក្នុងតារាងលីគ៕