បរទេស៖ កីឡាករ Shaw បានបង្ហាញខ្លួនក្នុងជ័យជំនះ ២ទល់នឹង១ ក្នុងជំនួបជាមួយនឹងក្លឹប Luton Town កាលពីថ្ងៃអាទិត្យ ប៉ុន្តែគាត់មិនអាចលេងបានកន្លះតង់នោះទេ ដោយត្រូវបង្ខំចិត្តប្តូរចេញដោយសារបញ្ហារបួស។ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថាខ្សែការពាររូបនេះមានបញ្ហារបួសត្រង់ជើង ដែលអាចនឹងអោយគាត់ខកខានបង្ហាញខ្លួនរយៈពេល ៣ខែបន្ទាប់ទៀត។ បញ្ហារបួសនេះអាចធ្វើអោយគាត់ខកខានក្នុងការជួយក្លឹបសម្រាប់ការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះ និងធ្វើអោយមានការមិនច្បាស់លាស់ផងដែរថាអាចជួយក្រុមជម្រើសជាតិអង់គ្លេសក្នុងការប្រកួត Euro ២០២៤ បានដែរ ឫទេ។

កីឡាករ Luke Shaw ទើបតែត្រលប់ចូលជួយក្រុមវិញកាលពីថ្ងៃទី១១ ខែកុម្ភៈ ក្រោយសម្រាក់ព្យាបាលរបួសអស់រយៈពេល ៣ខែ ក្នុងការប្រកួតជាមួយនឹងក្លឹប Aston Villa ដោយប្តូរចូលលេងនៅក្នុងតង់ទី២ នឹងជួយអោយក្លឹបយកឈ្នះក្នុងលទ្ធផល ២ទល់នឹង១ ។ ការសម្រេចចិត្តរបស់លោក Erik ten Hag ដាក់អោយកីឡាករសញ្ជាតិអង់គ្លេសនេះចូលលេងនៅសប្តាហ៍បន្ទាប់មកទៀត បានធ្វើអោយគាត់ជួបបញ្ហារបួសជាថ្មីម្តងទៀត។ តាមរយៈ The Mail បានអោយដឹងថា Shaw អាចនឹងខកខានសម្រាប់ការប្រកួត ១៣ប្រកួតទៀតដែលក្លឹប Man Utd នៅសល់ ក៏ដូចជាអាចខកខាននៅក្នុងការប្រកួត FA Cup ផងដែរ។
.png?auto=webp&format=pjpg&width=3840&quality=60)
ដំណឹងនេះក៏ជាការរំខានដល់គ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Gareth Southgate ដែលអាចបាត់បង់ខ្សែការពារឆ្វេងម្នាក់ក្នុងចំណោមពីរនាក់ដែលជាជម្រើសក្នុងការប្រកួតជើងឯកអឺរ៉ុបនាពេលខាងមុខ។ កីឡាករ Ben Cheilwell របស់ក្លឹប Chelsea ទើបតែត្រលប់មកពីការព្យាបាលរបួសវិញ។ ដូច្នេះកីឡាករ Kieran Trippier អាចនឹងត្រូវអោយលេងនៅក្នុងតំណែងខាងឆ្វេងសម្រាប់ព្រឹត្តិការណ៍នៅប្រទេសអាឡឺម៉ង់នេះ ប្រសិនជា Shaw មិនអាចជាសះស្បើយទាន់ពេលនោះទេ។
ក្រៅពីការប្រកួត ១៣ប្រកួតនៅ Premier League និង FA Cup កីឡាករ Shaw ក៏អាចនឹងខកខានក្នុងការប្រកួតមិត្តភាពជាមួយនឹងប្រទេសប្រេស៊ីល និង បែលហ្សិកនៅខែក្រោយផងដែរ។ ទាំងលោក Ten Hag និង Southgate សុទ្ធតែមានការព្រួយបារម្ភចំពោះបញ្ហារបួសរបស់ខ្សែការពារឆ្វេងរូបនេះ៕