បរទេស៖ ក្លឹប Chelsea សម្លឹងរកមើលខ្សែប្រយុទ្ធសម្រាប់ទីផ្សារដោះដូររដូវក្តៅនេះ ហើយក្នុងនោះក្លឹបបានកោតសរសើរចំពោះកីឡាករ Toney របស់ក្លឹប Brentford។ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Brentford ទាមទារនៅតម្លៃប្រមាណ ៨០លានផោន បើទោះបីជាវាមើលទៅហាក់ដូចជាមិនមែនជាបញ្ហាសម្រាប់ក្លឹបតោខៀវក៏ដោយ។ ប្រភពដដែរបានអោយដឹងថាក្លឹប Chelsea បានចាប់ទុកកីឡាករ Toney ជាគោលដៅអទិភាពរបស់ពួកគេ ហើយក៏មានការសម្លឹងរកមើលនៅខ្សែប្រយុទ្ធផ្សេងទៀតនៅក្នុងតំបន់អឺរ៉ុបដូចគ្នា។
វាហាក់ដូចជា Kylian Mbappe ផ្លាស់ទៅ Real Madrid នឹងមានឥទ្ធិពលលើទីផ្សាររដូវក្តៅ។ ក្លឹប PSG នឹងសម្លឹងរកមើលអ្នកជំនួសកន្លែងរបស់កីឡាកររូបនេះ ហើយបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាកីឡាករ Osimhen ជាគោលដៅអទិភាពរបស់ពួកគេ។ ក្លឹប PSG មានលទ្ធភាពក្នុងការចំណាយប្រមាណ ១៣០លានអឺរ៉ូ សម្រាប់តម្លៃផ្តាច់កុងត្រារបស់កីឡាករសញ្ជាតិនីហ្សេរីយ៉ា ជាពិសេសបន្ទាប់ពីការដកប្រាក់ឈ្នួលរបស់កីឡាករ Mbappe ដែលនឹងចាកចេញ។
តាមប្រភពដដែរបានអោយដឹងថាអ្នកចាត់ការក្លឹបតោខៀវលោក Pochettino កំពុងជម្រុញអោយមានការផ្ទេរ។ បុរសសញ្ជាតិអាហ្សង់ទីរូបនេះគិតថាកីឡាករ Toney អាចនាំក្រុមរបស់គាត់ “ទៅកម្រិតបន្ទាប់” ហើយបានណែនាំអោយម្ចាស់ក្លឹបធ្វើការផ្ទេរកីឡាករ Brentford នេះអោយបាន។
ការចាប់អារម្មណ៍របស់ក្លឹប Chelsea អាចនឹងផ្តល់ជាសញ្ញាទៅកាន់ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៏ដូចជាក្លឹប Arsenal ដែលបានចាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិអង់គ្លេសនេះនាពេលកន្លងមកដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយក្រុមកាំភ្លើងធំមានអត្ថប្រយោជន៍ក្នុងការផ្តល់ជូនដល់កីឡាករ Toney នៅការលេងនៅពានរង្វាន់ទ្វីបអឺរ៉ុប ដែលជាអ្វីដែលក្លឹប Chelsea ស្ថិតនៅក្នុងចំណាប់ថ្នាក់ទី១០ អាចផ្តល់អោយកីឡាករ Toney បានលុះត្រាតែក្លឹបអាចឈ្នះពានរង្វាន់ Carabao Cup ឬ FA Cup នៅរដូវកាលនេះ៕