បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាលោក De Zerbi បានក្លាយជាជម្រើសកំពូលរបស់ក្លឹប Barcelona ដើម្បីជំនួសលោក Xavi ។ ទាំងប្រធានក្លឹបលោក Joan Laporta និងនាយកកីឡាលោក Deco សុទ្ធតែចង់បានអ្នកចាត់ការក្លឹប Brighton មកបន្តតំណែងរបស់លោក Xavi នៅរដូវក្តៅខាងមុខ។ ជាការពិតណាស់ ក្លឹបត្រូវបានគេរាយការណ៍ថាបានពិភាក្សាជាមួយលោក De Zerbi នៅពាក់កណ្តាលសប្តាហ៍ ដើម្បីពិភាក្សាពីលទ្ធភាពនៃការផ្ទេរទៅកាន់ទឹកដី Camp Nou ។

ក្លឹប Barcelona ចង់បានលោក De Zerbi ប៉ុន្តែវាអាចជាការលំបាកក្នុងការទទួលបានកិច្ចព្រមព្រៀងជាមួយនឹងបុរសសញ្ជាតិអ៊ីតាលីរូបនេះ។ អ្នកចាត់ការរូបនេះមានកុងត្រាជាមួយនឹងក្លឹប Brighton រហូតដល់ឆ្នាំ២០២៦ ហើយក៏មានតម្លៃផ្តាច់កុងត្រាប្រមាណ ១០លានអឺរ៉ូផងដែរ។ ចំនុចនេះត្រូវបានក្លឹបយក្សនៅអេស្ប៉ាញ យកមកពិចារណាថាតើក្លឹបមានសាច់ប្រាក់នឹងអាចផ្តល់ហិរញ្ញប្បទានដល់កិច្ចព្រមព្រៀងបែបនេះដែរឬទេ។ លោក De Zerbi ហាក់ដូចជាបានធ្វើឱ្យប្រធានក្លឹប Barcelona មានការចាប់អារម្មណ៍ជាមួយនឹងការងាររបស់គាត់នៅក្នុងក្របខ័ណ្ឌ Premier League ។ គាត់បានជួយក្លឹបអោយលេងនៅ Europa League ជាលើកដំបូងរបស់ក្លឹបក្នុងប្រវត្តិសាស្ត្រកាលពីរដូវកាលមុន។
.png?auto=webp&format=pjpg&width=3840&quality=60)
លោក De Zerbi បាននិយាយអំពីអនាគតរបស់គាត់ ហើយបានសារភាពថាគាត់ពិតជារីករាយណាស់ដែលបានឮអំពីការចាប់អារម្មណ៍ពីក្លឹបកំពូលៗ។ គាត់បានប្រាប់ Sky Sports ថា៖ “នៅពេលដែលខ្ញុំលឺថាក្រុមធំៗចាប់អារម្មណ៍លើខ្ញុំ វាជាកិត្តិយស វាធ្វើឱ្យខ្ញុំមានមោទនភាព ប៉ុន្តែខ្ញុំផ្តោតទៅលើការងាររបស់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃ”។

គាត់បានបន្ថែមទៀតថា៖ “អំពីអនាគតរបស់ខ្ញុំ ខ្ញុំបាននិយាយជាមួយម្ចាស់ក្លឹប និងក្លឹប ពីព្រោះខ្ញុំចង់បញ្ចប់វានៅក្នុងវិធីដល់ល្អមួយដែលខ្ញុំអាចធ្វើទៅបាន ខ្ញុំចង់យល់អំពីផែនការណ៍ ហើយវាក៏មិនមែនជាបញ្ហានៅក្លឹបធំ ឫក៏នៅក្លឹបផ្សេងទៀត”។
លោក Xavi ប្តេជ្ញាថានឹងនៅដឹកនាំក្លឹប Barcelona នៅក្នុងរដូវកាលមុននេះ មុនឹងចាកចេញពីតំណែង។ ក្លឹបនឹងបន្តស្វែងរកអ្នកជំនួសគាត់ ហើយនឹងកំពុងតាមដានយ៉ាងដិតដល់លើវឌ្ឍនភាពរបស់ក្លឹប Brighton ៕