បរទេស៖ កីឡាករ Greenwood បានកសាងនៅអាជីពរបស់ខ្លួនឡើងវិញ ក្រោយបានខ្ចីជើងទៅលេងនៅក្លឹប Getafe នារដូវកាលនេះ ក្រោយក្លឹប United បានអនុញ្ញាតអោយគាត់ចាកចេញការពីរដូវក្តៅមុន បន្ទាប់ពីការស៊ើបអង្កេតរយៈពេលប្រាំមួយខែ ទៅលើការប្រព្រឹត្តរបស់គាត់នៅក្រៅទីលាន។ កីឡាករវ័យ ២២ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ៧គ្រាប់ ក្នុងការបង្ហាញខ្លួន ១៦ដងនៅ La Liga ដែលបានធ្វើអោយទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹប Barca និង Real Madrid។

នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថា កីឡាករ Greenwood បានក្លាយជាគោលដៅផ្ទេរអទិភាពរបស់ក្លឹប Barcelona នៅរដូវក្តៅខាងមុខ ដោយពួកគេចង់នាំយកគាត់មកអោយបានលឿនបំផុតនៅក្នុងខែមិថុនា។ កីឡាកររូបនេះបានប្រាប់ទៅអ្នកតំណាងរបស់គាត់ថា គាត់មើលឃើញថា Camp Nou ជាគោលដៅនៃក្តីស្រម៉ៃរបស់គាត់ ខណៈខាងក្លឹប Barca មានកាជឿជាក់ថាកីឡាកររូបនេះនឹងមានសមត្ថិភាពនាំយកក្រុមរបស់ខ្លួនទៅកាន់កម្រិតថ្មីមួយទៀត។ ប្រភពដដែរក៏បានបន្ថែមទៀតថា United អាចនឹងដាក់បញ្ចូលនៅលក្ខខណ្ឌមួយចំនួនទៅក្នុងការផ្ទេរនេះ។

គួរបញ្ជាក់ថាកីឡាករ Greenwood ទើបតែបង្ហាញខ្លួនតែម្តងប៉ុណ្ណោះសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសកាលពីឆ្នាំ២០២០។ តារាឆ្នើមរបស់ក្លឹប Getafe រូបនេះ ក៏មានព័ត៌មានលេចលឺជាមួយនឹងក្លឹបនៅអ៊ីតាលីផងដែរ ប៉ុន្តែគាត់ហាក់ចង់បន្តស្នាក់នៅ La Liga ជាង ស្របពេលដែលក្លឹប United ត្រៀមទទួលសំណើជាផ្លូវការពីខាង Barca នាប៉ុន្មានខែខាងមុខនេះ៕