បរទេស៖ Mata បានទៅចូលរួមជាមួយនឹងក្លឹប Vissel Kobe កាលពីខែកញ្ញា ជាមួយនឹងកុងត្រារយៈពេល ៤ខែ ហើយគាត់ត្រៀមចាកចេញពីក្លឹបម្ចាស់ជើងឯកលីគជប៉ុនមួយនេះ ដោយផុតកុងត្រា។ ថ្វីបើមកចូលរួមជាមួយក្លឹបរយៈពេលខ្លី គាត់បានដើរតួរយ៉ាងសំខាន់ក្នុងការជួយក្រុមអោយទទួលបានជោគជ័យ។
កីឡាករ Mata បានសរសេរនៅក្នុងសេចក្តីប្រកាសថា៖ “ខ្ញុំរីករាយក្នុងការក្លាយជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់ក្លឹបក្នុងការឈ្នះពានលីគជាលើកដំបូង។ ខ្ញុំនឹងមិនអាចបំភ្លេចនៅអនុស្សាវរីយដែលយើងបានបង្កើតជាមួយគ្នា”។
កីឡាករ Mata បានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១០ជាមួយនឹងប្រទេសអេស្ប៉ាញ ហើយមានអាជីពដ៏អស្ចារ្យដែលរួមមានការឈ្នះ Champions League ជាមួយ Chelsea ក្នុងឆ្នាំ ២០១២។ គាត់បានចំណាយពេល ៨រដូវកាលជាមួយក្លឹប Manchester United ជាកន្លែងដែលគាត់បានឈ្នះ FA Cup ២ដង, Carabao Cup, FA Community Shield និង Europa League ម្តង។ ក្រោយចាកចេញពីអង់គ្លេស គាត់បានទៅចូលរួមជាមួយនឹងក្លឹប Galatasaray នៅប្រទេសទូរគីរយៈពេលមួយរដូវកាល ដែលជាកន្លែងគាត់ឈ្នះ Super Lig ក្នុងរដូវកាល ២០២២-២៣។
កីឡាករ Mata នៅពេលនេះជាកីឡាករគ្មានតម្លៃខ្លួន ដែលអាចអោយក្លឹបនៅ Premier League ចុះហត្ថលេខាយកកីឡាករវ័យ ៣៥ឆ្នាំរូបនេះ ក្នុងរយៈពេលខ្លីរហូតដល់រដូវក្តៅ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះមិនទាន់ឈ្នះពានរង្វាន់ Premier League នៅឡើយទេ ដែលអាចជាការលើកទឹកចិត្តអោយគាត់វិលត្រលប់មកកាន់អង់គ្លេសវិញ៕