បរទេស៖ ខ្សែប្រយុទ្ធសញ្ជាតុអ៊ុយរ៉ាហ្គាយបានក្លាយជាកីឡាករកំពូលចុងក្រោយដែលបានចុះហត្ថលេខាមកចូលរួមជាមួយនឹងក្រុមរបស់លោក David Beckham។ គាត់នឹងមកចូលរួមជាមួយក្លឹបដោយគ្មានតម្លៃខ្លួន ក្រោយគាត់បានបញ្ចប់កុងត្រាជាមួយនឹងក្លឹបនៅខាងប្រេស៊ីល។ ក្រោយពី Messi គាត់ក៏នឹងត្រូវចូលរួមជាមួយនឹងអតីតមិត្តរួមក្រុម Barca ផ្សេងទៀតផងដែរដូចជា Jordi Alba និង Sergio Busquets។
ខ្សែប្រយុទ្ធ Luis Suarez បាននិយាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹបថា៖ “ខ្ញុំមានការសប្បាយចិត្ត និងរំភើបក្នុងការទទួលយកការប្រកួតប្រជែងជាមួយនឹងក្លឹប Inter Miami។ ខ្ញុំបានត្រៀមខ្លួនរួចរាល់ក្នុងការជួយបង្កើតក្តីស្រម៉ៃអោយក្លឹបក្នុងការឈ្នះនៅពានរង្វាន់ជាច្រើនអោយក្លឹបដ៏អស្ចារ្យមួយនេះ”។
គួរបញ្ជាក់ថា Messi និង Suarez ធ្លាប់លេងជាដៃគូជាមួយកាលនៅក្លឹប Barcelona ចន្លោះឆ្នាំ ២០១៤ ដល់២០២១ ដែលជាពេលពូកគេអាចឈ្នះពាន La Liga ចំនួន ៤ដង, Copa de Rey ចំនួន ៤ដង និង Champions League ១ដង។ ខណៈពេលដែល Busquets និង Alba ក៏ជាចំណែកមួយនៃក្រុមនោះផងដែរ ដោយពួកគេបានលេងជាកីឡាករសំខាន់ ដើម្បីបង្កើតនៅប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់ក្លឹប៕