ឯកឧត្តម វ៉ាត់ ចំរើន ៖ រាជរដ្ឋាភិបាលកម្ពុជាបន្តការយកចិត្តទុកដាក់ដល់កីឡាករ កីឡាការិនី ព្យាបាលដោយឥតគិតថ្លៃ

0

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) បានថ្លែងក្នុងសប្តាហ៍នេះថា រាជរដ្ឋាភិបាលកម្ពុជាបានបន្តការយកចិត្តទុកដាក់ខ្ពស់លើការផ្ដល់បណ្ណមូលនិធិសមធម៌សុខភាព សម្រាប់ការព្យាបាលនៅមន្ទីរពេទ្យដោយឥតគិតថ្លៃរបស់ក្រុមជម្រើសជាតិ និងកីឡាករ កីឡាការិនីជំនាញតាមសហព័ន្ធកីឡាជាតិនីមួយៗ។

ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ដើម្បីជំរុញឱ្យបរិកាសវិស័យកីឡាកាន់តែល្អប្រសើរបន្ថែមទៀត និងបន្តការអភិវឌ្ឍគុណផលកីឡាឱ្យកាន់តែខ្ពស់ គឺការថែរក្សាសុខភាពរបស់កីឡាករ កីឡាការិនីជម្រើសជាតិ និងកីឡាករ កីឡាការិនីតាមសហព័ន្ធកីឡាជាតិនីមួយក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុនៗ រហូតដល់អាណ្តត្តិទី៧នៃរដ្ឋសភានាពេលបច្ចុប្បន្ននេះ ដោយផ្តល់បណ្ណមូលនិធីសមធម៌សុខភាព ដែលជាបណ្ណមួយជួយដល់កីឡាករ កីឡាការិនីសម្រាប់ការព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យសាធារណៈរបស់រដ្ឋ ក្នុងពេលគ្រោះថ្នាក់ពេលប្រកួត ហ្វឹកហាត់។

 

រដ្ឋលេខាធិការរូបនេះបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ៖«ការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យអត្តពលិកជាតិកាន់តែមានទំនុកចិត្តខ្ពស់ ចំពោះការលះបង់ ក្នុងពេលប្រកួត និងហ្វឹកហាត់ ពេលមានគ្រោះថ្នាក់ ព្រោះកីឡាករ កីឡាការិនីហាត់រាល់ថ្ងៃអាចមានបញ្ហាថ្លោះគ្រិច និងបញ្ហាគ្រោះថ្នាក់ផ្សេងៗច្រើនជាងប្រជាពលរដ្ឋធម្មតា។ ដូច្នេះ កីឡាករ កីឡាការិនីអាចមានបញ្ហាប្រឈមខ្ពស់ ចំពោះគ្រោះថ្នាក់ច្រើន។ នេះជាការលើកទឹកចិត្ត ក្នុងការថែទាំងសុខមាលភាពរបស់ពួកគាត់ ដើម្បីជំរុញឱ្យការហ្វឹកហាត់ និងការប្រកួតរបស់កីឡាករ កីឡាការិនីបង្កើនគុណផលនៃការអភិវឌ្ឍវិស័យកីឡាកាន់តែរឹងមាំបន្ថែមទៀត»។

រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូននេះ គឺទី១ អត្ថិភាពសម្រាប់អត្តពលិកជម្រើសជាតិ ទី២ សម្រាប់កីឡាករ កីឡាការិនីជំនាញ ដែលស្ថិតក្រោមសហព័ន្ធកីឡាជាតិនីមួយៗ ដោយសហព័ន្ធកីឡាជាតិមានបញ្ជីចុះឈ្មោះក្លឹប ឬកីឡាករ កីឡាការិនីជាសមាជិក ដោយពួកគាត់មានសិទ្ធិទទួលបានបណ្ណមូលនិធិសមធម៌សុខភាព។ បណ្ណមូលនិធីសមធម៌សុខភាពនេះ មិនមែនជាបណ្ណប.ស.ស ទេ។ បណ្ណមូលនិធិសមធម៌សុខភាព គឺជាការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសុពលភាព១ឆ្នាំម្តង ហើយយើងកំពុងពិភាក្សា ក្នុងការស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីឱ្យកីឡាករ កីឡាការិនីជាតិទទួលបានបណ្ណប.ស.ស ដែលមានសុពលភាពយូរអង្វែង។

«ជំហានបន្ទាប់ យើងក៏កំពុងពិភាក្សាផងដែរ ក្នុងការស្នើសុំពីការធានារ៉ាប់រងសុខភាព និងអាយុជីវិតរបស់កីឡាករ កីឡាការិនី។ ដូចកាលពីអំឡុងពេលស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA បានជួយឧបត្ថម្ភគាំទ្រដល់សុខភាព និងអាយុជីវិតដល់កីឡាករ កីឡាការិនីជម្រើសជាតិ។ កាលពីពេលថ្មីៗនេះ កីឡាការិនីពិការកម្ពុជាម្នាក់ស្លាប់ ហើយ AIA បានជួយឧបត្ថម្ភថវិកាចំនួន ១៥ ០០០ ដុល្លារសម្រាប់ពិធីបុណ្យ និងទុកសម្រាប់ក្រុមគ្រួសាររបស់សពដែរ។ នេះជាបច្ច័យដ៏ល្អ ដែលជំរុញឱ្យកីឡាករ កីឡាការិនីតំណាងជាតិរបស់យើងកាន់តែមានទឹកចិត្ត ឆន្ទៈកាន់តែមោះមុត ក្នុងការបម្រើសជាតិតទៅមុខទៀត»។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់បន្ថែមបែបនេះ៕

ប្រភព៖ AKP