សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយជាកំពង់ផែខ្នាតអន្តរជាតិដ៏មានសក្តានុពល និងយុទ្ធសាស្រ្តរបស់កម្ពុជា

0

ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយជាកំពង់ផែខ្នាតអន្តរជាតិដ៏មានសក្តានុពល និងយុទ្ធសាស្រ្តរបស់កម្ពុជា ជាកន្លែងតភ្ជាប់យ៉ាងសំខាន់រវាងផ្លូវគោក និងផ្លូវទឹក  ដើម្បីចរាចរណ៍ទំនិញនិងពាណិជ្ជកម្មតំបន់និងពិភពលោក។

ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័ត នៅគែមផែរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ  នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ ដែលបង្ហាញឱ្យឃើញពីការរីកចម្រើនលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅកម្ពុជា។

 

សម្ដេចធិបតី ថ្លែងបន្ថែមថា បច្ចុប្បន្នកម្ពុជាបើទោះបីជាមានការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក៏ដោយ ក៏ប៉ុន្ដែការដឹកទំនិញនៅតាមផ្លូវទឹកនៅតែច្រើនដដែល។

សូមជម្រាបថា ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១៖ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់ -១៤,៥ម៉ែត្រ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មក កំពង់ផែស្វយ័តក្រុង ព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។

គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរេសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នើបផន ខូអេ (Nippon Koei) និងក្រុមហ៊ុន Oriental Consultants Global ដោយប្រើប្រាស់រយៈពេល សាងសង់ចំនួន ៣៦ខែ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៦។

ចំណតផែទឹកជ្រៅថ្មីនេះ គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ២៤៣លានដុល្លារ អាម៉េរិក រួមបញ្ចូលទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗ ផងដែរ។

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១នេះ នៅពេលដាក់ឱ្យដំណើរការនឹងអនុញ្ញាតឱ្យ នាវាប្រមាណ ៩៣% ក្នុងតំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្ន មានត្រឹមតែ ១៨%ប៉ុណ្ណោះអាចចូលចតបាន ហើយតម្លៃដឹកជញ្ជូនតាមសមុទ្រនឹងអាច កាត់បន្ថយបានប្រមាណ $២០០ក្នុងមួយ TEU ដែលតម្លៃនេះគឺនឹងប្រហាក់ប្រហែល ជាមួយបណ្តាប្រទេសក្នុងតំបន់។

ពិធីនាថ្ងៃនេះ ក៏បានរួមបញ្ចូលផងដែរនូវពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រ លើកដាក់ចល័តនៅគែមផែចំនួន ២គ្រឿង ដែលជាប្រភេទរថយន្តស្ទូច មានសមត្ថភាពលើកដាក់ ទំនិញបានរហូតដល់ ១០០តោន។ គ្រឿងចក្រទាំងពីរគ្រឿងនេះ គឺជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន ផ្តល់ជូនមករាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយ បានចំណាយថវិកាសរុបប្រមាណ ១៣,៩លានដុល្លារអាម៉េរិក៕

ប្រភព៖ AKP