Sergio Aguero លើក​ឡើង​ថា​ក្រុម​មួយ​នេះ ! គឺជា​ក្រុម​ប្រជែង​ដណ្តើម​ពាន​ធំ​បំផុត​របស់ Man City

0

វីរបុរស​ក្រុម​មេឃ​ខៀវ Sergio Aguero បាន​លើក​ឡើង​យ៉ាង​ភ្ញាក់ផ្អើល​ថា Manchester United នៅ​តែ​ជា​គូប្រជែង​ដណ្តើម​ពាន Premier League​។

ការ​ប្រជែង​ដណ្តើម​ពាន​ក្នុង​រដូវ​កាល​នេះ មើលទៅ​មានការ​ប្រជែង​ខ្លាំង ដោយ​ក្រុម​កំពូល​ទាំង​ប្រាំ Arsenal, Liverpool, Aston Villa, Man City និង Tottenham មាន​គម្លាត​ពី​គ្នា​ត្រឹមតែ 6 ពិន្ទុ​ប៉ុណ្ណោះ​បន្ទាប់​ពី 17 ប្រកួត​។

វា​ត្រូវ​បាន​គេ​រំពឹង​ទុក​យ៉ាង​ទូលំទូលាយ​ថា​ក្រុម​កាំភ្លើង​ធំ និង​ហង្ស​ក្រហម​នឹង​ប្រជែង​ជាមួយ​ក្រុម Man City សម្រាប់​ពានរង្វាន់​លី​គ​កំ​ពូ​ង​អង់គ្លេស ប៉ុន្តែ​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់ Villa និង Spurs បាន​ធ្វើ​ឱ្យ​អ្វី​ៗ​កាន់តែ​មិន​អាច​ទាយ​ទុកជា​មុន​បាន​។

ទោះជា​យ៉ាងណា​ក៏​ដោយ មាន​មនុស្ស​តិច​ណាស់​គិត​ថា Man United ជា​គូប្រជែង​ដណ្តើម​ពាន ដោយសារ​ពួក​គេ​ធ្លាក់​ទម្រង់​លេង ទម្រង់​លេង​មិន​ស៊ីសង្វាក់​គ្នា និង​បញ្ហា​ក្រៅ​ទីលាន​នៅ​រដូវ​កាល​នេះ​។

ក្រុម​បិសាច​ក្រហម ដែល​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​ពានរង្វាន់​ទ្វីបអឺរ៉ុប និង​ពានរង្វាន់ Carabao Cup ហើយ​បាន​ឈរ​នៅ​លេខ​រៀង​ទី 7 ក្នុង​តារាង ដែល​មាន​គម្លាត​ចំនួន 11 ពិន្ទុ​ពី​ក្រុម​កំពូល​តារាង​។

ប៉ុន្តែ Aguero បាន​លើក​ឡើង​ថា​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​របស់ Erik ten Hag ដោយ​ប្រាប់​ទៅ​កាន់ Stake.com ថា​៖ «​អ្នក​មិន​អាច​មើលងាយ Man United បាន​ទេ​នៅ​ដំណាក់កាល​នៃ​រដូវ​កាល​នេះ​។ ពួក​គេ​គឺជា​ក្រុម​មួយ​ដែល​គំរាមកំហែង ចំពោះ​ការ​ប្រជែង​ពានរង្វាន់ Premier League របស់ Man City»​។

ទោះបីជា​រដូវ​កាល​របស់ Man Utd មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​មក​ទល់​ពេល​នេះ ប៉ុន្តែ​អ្វី​ដែល​ល្អ​បំផុត​គឺ​ការ​បញ្ចប់​ទី​ដ៏​អស្ចារ្យ​របស់ Alejandro Garnacho ទល់​នឹង Everton ដែល​ទាក់ទាញ​ការ​ប្រៀបធៀប​ទៅ​នឹង​ការ​ទាត់​របស់ Wayne Rooney ទល់​នឹង Man City​។

អតីត​ខ្សែប្រយុទ្ធ Aguero បាន​និយាយ​អំពី​ការ​ស៊ុត​របស់ Garnacho ថា គ្រាប់​បាល់​នោះ​អាច​ត្រូវ​ក្លាយជា​គ្រាប់​បាល់​ដ៏​ល្អ​បំផុត​នៃ​ឆ្នាំ 2023​។ គ្រាប់​បាល់​នោះ​ធ្វើ​អោយ​ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ វា​មិន​ងាយស្រួល​ទេ​ដែល​អាច​រកបាន​គ្រាប់​បាល់​បែប​នេះ​៕