ខ្សែបម្រើ Enzo Fernandez របស់ Chelsea ត្រូវបានប្តូរចេញ បន្ទាប់ពីលេងបានត្រឹមតែ 31 នាទីទល់នឹង Newcastle United។
ក្រុមតោខៀវបានយកឈ្នះលើក្រុម Newcastle ក្នុងវគ្គ ៨ ក្រុមចុងក្រោយសម្រាប់ការប្រជែងពានរង្វាន់ Carabao Cup នៅកីឡដ្ឋាន Stamford Bridge។
ខណៈពេលដែលមិនមានព័ត៌មានរបួសចំពោះអតីតកីឡាករ Benfica ក្រុមអ្នកអត្ថាធិប្បាយរបស់ Sky Sports បាននិយាយថា Fernandez មានអារម្មណ៍មិនស្រួលក្នុងអំឡុងពេលប៉ះទង្គិចគ្នា។ ក្រោយមកគ្រូបង្វឹកក្រុមតោខៀវបានបញ្ជាក់ បន្ទាប់ពីចប់ការប្រកួតដោយនិយាយថា៖ «គាត់ឈឺ គាត់មានបញ្ហានៅមុនការប្រកួត ហើយបន្ទាប់មកនៅពេលគាត់ចាប់ផ្តើមលេងគាត់ធ្វើមិនបានល្អ។ ដោយមើលឃើញគាត់មិនស្រួល យើងក៏បានប្ដូរគាត់ចេញ»។
គួបញ្ជាក់ផងដែរ ជ័យជម្នះសម្រាប់ក្រុម Chelsea ជាការបន្តកត់ត្រាជ័យជម្នះយ៉ាងត្រចះត្រចង់នៅកីឡដ្ឋាន Stamford Bridge៕