កីឡាករ Kylian Mbappe មានការខកចិត្តបន្ទាប់ពីលទ្ធផលស្មើ 1-1 របស់ Paris Saint-Germain ជាមួយ Borussia Dortmund កាលពីល្ងាចថ្ងៃពុធ។
លទ្ធផលនេះបានធានាអោយ PSG ទទួលបានកៅអីក្នុងការប្រកួត Champions League វគ្គ 16 ក្រុម ដោយក្លឹបបារាំងមួយនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងពូល F។
ក្នុងការប្រកួត Champions League វគ្គ 16 ក្រុមចុងក្រោយ PSG អាចលេងជាមួយក្រុម Bayern Munich, Arsenal, Real Madrid, Real Sociedad, Manchester City, Atletico Madrid ឬ Barcelona សម្រាប់ការប្រកួតបន្ទាប់។
យោងតាមអ្នកសារព័ត៌មានលោក Emmanuel Petit បាននិយាយតាមរយៈ RMC Sport ថា៖ «ខ្ញុំយល់ពីការខកចិត្តរបស់គាត់។ Mbappe មិនគិតដូចកីឡាករផ្សេងទេ។ គាត់ដឹងថានឹងមានអ្វីកើតឡើង។ គាត់ដឹងយ៉ាងច្បាស់ថា PSG អាចជួបនឹងក្រុមណាបន្ទាប់។ យើងដឹងពីមហិច្ឆតារបស់គាត់ គាត់មិនចង់បញ្ចប់ចំណាត់ថ្នាក់លេខពីរ»។
ជាការឆ្លើយតបទៅនឹងអារម្មណ៍ខកចិត្តរបស់ Mbappe លោក Luis Enrique បាននិយាយថា៖ «វាជារឿងធម្មតាទេដែលកីឡាករមានការខកចិត្ត យើងមានឱកាសស៊ុតបញ្ចូលទីចំនួន 5 ដង ឱកាសជាច្រើន។ នៅពេលដែលកីឡាករមានការខកចិត្តដោយសារតែគាត់ចង់ស៊ុតបញ្ចូលទីបន្ថែមទៀត នោះវាគឺជាការគ្រប់គ្រងដ៏ពិបាក។ ប៉ុន្តែយើងអាចឈានទៅវគ្គបន្តវាជាឱកាសល្អសម្រាប់យើង»៕