រដ្ឋមន្រ្ដីក្រសួងព័ត៌មាន លើកទឹកចិត្តឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី សម្រាប់ឆ្នាំ២០២៤ ឱ្យចូលរួមអភិវឌ្ឍន៍ប្រទេសនៅថ្ងៃអនាគត

0

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភី​អាហារូបករណ៍​រដ្ឋា​ភិ​បាលអូស្ត្រាលី (Australian Award) ប្រចាំឆ្នាំ២០២៤ ឱ្យចូលរួមអភិវឌ្ឍន៍ប្រទេសនៅថ្ងៃ​អនាគត​​​ក្រោយ​បញ្ចប់​ការសិក្សា។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីបែបនេះ ក្នុងឱកាសជួប​សំណេះ​សំណាល​ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំ២០២៤ ចំនួន៣៤រូប នា​រសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្រ្ដា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ការកោតសរសើរ និងមោទនភាពចំ​ពោះ​​និស្សិតគ្រប់រូបដែលត្រូវបានជ្រើសរើសទៅសិក្សាថ្នាក់អនុបណ្ឌិតនិងបណ្ឌិតនៅ​ប្រទេស​អូស្ត្រា​លី​​នៅដើមខែមករា ឆ្នាំ២០២៤ខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកនិស្សិតជ័យលាភីគ្រប់​រូបជា​ធន​ធានមនុស្សដ៏មានតម្លៃរបស់ប្រទេសកម្ពុជា និងបានមានប្រសាសន៍ឱ្យនិស្សិតគ្រប់រូបខិតខំប្រឹង​ប្រែង​សិក្សារៀនសូត្រ ក្រៀបជញ្ជក់យកចំណេះដឹង និងការអនុវត្តល្អៗហើយមានប្រសិទ្ធភាពពីប្រទេស​អូស្ត្រាលី ដើម្បីជាទុនក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនរុងរឿងទៅមុខ ស្របតាមគោលដៅ​នៃ​ការ​ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជា​ប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យនិស្សិតគ្រប់រូបចាត់ទុកខ្លួនជាឯកអគ្គរាជទូតតំណាងជាតិកម្ពុជា តាមរយៈ​ការចូលរួមផ្សព្វផ្សាយពីវប្បធម៌ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជាទៅកាន់មជ្ឈដ្នានខាងក្រៅ ដើម្បីកសាង​កេរ្តិ៍​ឈ្មោះនិងលើកកម្ពស់កិត្យានុភាពរបស់ប្រទេសកម្ពុជា។

ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីដំណើរវិវត្តន៍នៃការកសាងធនធាន​មនុស្ស​នៅប្រទេសកម្ពុជាក្រោយភ្លើងសង្រ្គាមត្រូវបានបញ្ចប់ ដែលក្នុងពេលបច្ចុប្បន្នទៅថ្ងៃអនាគត គឺ​ជា​ដំណាក់កាលនៃការផ្តោតលើការកសាងមូលធនមនុស្ស ប្រកបដោយគុណាធិបតេយ្យ ពោលគឺ​គុណ​ភាព សមត្ថភាព និងសុខភាពល្អ។ ក្នុងក្របខណ្ឌនៃមូលធនមនុស្សនេះ  ឯកឧត្តមរដ្ឋមន្រ្តី​បាន​ផ្តល់​អនុសាសន៍ឱ្យនិស្សិតជ័យលាភីគ្រប់រូបប្រកាន់ភ្ជាប់ជានិច្ចនូវគុណតម្លៃ៣បន្ថែម គឺភាព​ស្មោះ​ត្រង់ ភាព​អំណត់ព្យាយាម និងចំណេះជំនាញច្បាស់លាស់។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានជូនពរឱ្យនិស្សិតគ្រប់រូបទទួលបានជោគជ័យក្នុងការសិក្សារបស់ខ្លួន និងត្រូវ​ចេះ​សាមគ្គីគ្នាជាធ្លុងមួយស្របតាមសុភាសិតខ្មែរ «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» ហើយ​ត្រូវ​ថែ​រក្សាសុខភាពឱ្យបានល្អ៕

ប្រភព៖ AKP