ក្លឹប Manchester United បានបញ្ជាក់ថាខ្សែបម្រើ Casemiro បានត្រលប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីសម្រាកព្យាបាលរបួសយ៉ាងយូរ។
ខ្សែបម្រើរូបនេះបានខកខានការប្រកួតចំនួន 8 លើកមកទល់ពេលនេះ ដោយសាររបួសសរសៃពួរអំឡុងពេលប្រកួតចាញ់ក្រុម Newcastle United 3-0 ក្នុងពានរង្វាន់ Carabao Cup កាលពីថ្ងៃទី 1 ខែវិច្ឆិកា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ក្លឹប Man Utd បានប្រកាសថា ទីបំផុត Casemiro បានត្រលប់មកហ្វឹកហាត់នៅលើទីលាន ដោយរបាយការណ៍នោះមានខ្លឹមសារថា៖ «Casemiro បានចាប់ផ្តើមហ្វឹកហាត់នៅលើទីលាន ខណៈដែលកីឡាករប្រេស៊ីល បានបង្កើនការជាសះស្បើយរបស់គាត់សម្រាប់ Manchester United»។
កាលពីថ្ងៃអាទិត្យ ខ្សែបម្រើរូបនេះត្រូវបានគេប្រទះឃើញហ្វឹកហាត់តែម្នាក់ឯង នៅលើវាលស្មៅនៅឯ Carrington។ របួសសរសៃពួរ គឺជារបួសលើកទីពីរ ដែលអតីតកីឡាករ Real Madrid បានជួបក្នុងពេលបំពេញកាតព្វកិច្ចអន្តរជាតិ ជាមួយប្រេស៊ីលទល់នឹងវេណេស៊ុយអេឡា។ ដោយបានខកខានការប្រកួតចំនួន 3 របស់ក្លឹបជាមួយនឹងបញ្ហាកជើង។
ការត្រលប់មកហ្វឹកហាត់វិញរបស់ Casemiro ទោះបីមិនទាន់ចូលរួមជាមួយជាក្រុមដំបូងវិញក៏ដោយ តែវាពិតជាដំណឹងល្អសម្រាប់បិសាចក្រហម ដែលមានន័យថា កីឡាករប្រេស៊ីលអាចនឹងត្រលប់ចូលលេងវិញឆាប់ជាងការរំពឹងទុកពីមុន៕