អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag បានលើកឡើងថា ប្រសិនបើ Marcus Rashford ចង់បានតំណែងក្នុងជម្រើសដំបូងរបស់គាត់ឡើងវិញ វាអាស្រ័យលើការខិតខំប្រឹងរបស់គាត់ ដោយបានប្រៀបធៀបទៅនឹងការខំប្រឹងរបស់ Scott McTominay និង Harry Maguire ។
កីឡាករវ័យ 25 ឆ្នាំរូបនេះបានបាត់បង់តំណែងពីជម្រើសដំបូង ជាលើកដំបូងនៅរដូវកាលនេះ នៅពេលដែលក្រុម Man Utd ត្រូវជួបជាមួយក្រុម Chelsea នៅកីឡដ្ឋាន Old Trafford ។
Ten Hag បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយរបស់គាត់ថា៖ «Rashford គឺជាកីឡាករល្អមិនគួរឱ្យជឿម្នាក់។ ប៉ុន្តែគាត់មិនអាចធ្វើវាបានជាមួយកីឡាករ ១១ នាក់ដំបូង ហើយគាត់មិនអាចលេងបានគ្រប់ការប្រកួតទេ។ គាត់មិនមានទម្រង់លេងដូចកាលពីឆ្នាំមុន ប៉ុន្តែខ្ញុំប្រាកដថា ទម្រង់លេងគាត់នឹងត្រលប់មកវិញក្នុងពេលឆាប់ៗខាងមុខ។ ខ្ញុំបាននិយាយរឿងនេះដូចគ្នាអំពី Scott McTominay និង Harry Maguire ថាវាអាស្រ័យលើការខំប្រឹង និងការតាំងចិត្តរបស់ពួកគេ។ ជារៀងរាល់សប្តាហ៍ ក្រុមនឹងធ្វើការហ្វឹកហាត់ ហើយកីឡាករណាធ្វើបានល្អ ពួកគេនឹងទទួលបានឱកាសបង្ហាញខ្លួនលើទីលាន»។
ទាំង McTominay និង Maguire អាចមានវាសនាដូចគ្នាក្នុងការចាកចេញពី Old Trafford នៅរដូវក្តៅ ដោយកីឡាករទាំងពីរហាក់ដូចជាមិនមែនជាផ្នែកនៃផែនការរបស់ Ten Hag នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេម្នាក់ៗបានត្រលប់មកវិញ ហើយក្លាយជាកម្លាំងសំខាន់របស់ក្រុម ដោយ Maguire ថែមទាំងបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិការបស់ Premier League៕