បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹបនៅអារ៉ាប៊ីសាអូឌិតដែលដឹកនាំដោយលោក Steven Gerrard នឹងចុះហត្ថលេខាយកអតីតអ្នកចាំទីឆ្នើមរបស់ក្លឹប Manchester United។ ប៉ុន្តែក៏មានក្លឹបនៅ Saudi Pro League ផ្សេងទៀតក៏ចង់បានគាត់នៅពេលទីផ្សារដោះដូរខែមករាខាងមុខនេះដូចគ្នា។
អ្នកចាំទី De Gea កំពុងតែគ្មានក្លឹបលេង ក្រោយបានចាកចេញពីក្លឹប Manchester United នៅរដូវក្តៅកន្លងមក ក្រោយចំណាយពេលអស់ ១២ឆ្នាំជាមួយនឹងក្លឹប។ គាត់ក៏ធ្លាប់មានពាក្យចចាមអារាមក្នុងការផ្ទេរទៅកាន់ក្លឹបនៅអារ៉ាប៊ីសាអូឌីតផងដែរ គឺក្លឹប Al-Nassr ដែលផ្តល់នៅកុងត្រាអោយគាត់ និងក្លឹបនៅលីគ MLS គឺ Inter Miami ក៏បានចាប់អារម្មណ៍លើគាត់ដូចគ្នា។
ក្នុងនោះ គេបានដឹងថា De Gea ទទួលបានប្រាក់ឈ្នួល ៣៧៥០០០ផោនក្នុងមួយសប្តាហ៍ការលេងនៅ Old Trafford ហើយជឿជាក់ថាគាត់អាចនឹងបានច្រើនជាងនេះប្រសិនជាផ្ទេរទៅអារ៉ាប៊ីសាអូឌីត ព្រោះថាប្រទេសដែលសម្បូរប្រេងមួយនេះ បានចំណាយប្រាក់យ៉ាងច្រើនក្នុងការផ្ទេរយកកីឡាករឆ្នើមជាច្រើននៅ Premier League កាលពីទីផ្សារដោះដូរនាពេលកន្លងទៅ។
អ្នកចាំទីវ័យ ៣៣ឆ្នាំរូបនេះ នឹងអាចទទួលបាននៅសំណើរជាច្រើនទៀតនៅខែមករាខាងមុខ ហើយគាត់ក៏អាចនឹងត្រលប់មកកាន់ទីលានវិញនាពេលអនាគត៕