សៀមរាប៖ កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិបានចុះឈ្មោះចូលរួមរត់ប្រណាំង ក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ (The 28 Angkor Wat International Half Marathon) ដែលគ្រោងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ១០ ១០០នាក់ មកពី៥៨ប្រទេស (អ្នករត់អន្តរជាតិ)។
លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងអន្តរជាតិនៅកម្ពុជាមានប្រសាសាន៍ប្រាប់ទីភ្នាក់ ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា «ក្នុងចំនួន ១០ ១០០នាក់នេះ គឺមានកីឡាករ កីឡាការិនីមកពី៥៨ប្រទេស មានចំនួនជាង ២៨០០នាក់ ដោយគណៈកម្មការរៀបចំបានបិទបញ្ជីនៃការទទួលចុះឈ្មោះហើយ ដោយសារចំនួននេះបានកើនឡើងលើសពីការរំពឹងទុក ជាពិសេសគឺសម្ភារ មេដាយ ស្លាកលេខសម្គាល់របស់អ្នករត់ប្រណាំងបានអស់ហើយត្រឹមចំនួនដែលបានត្រៀមទុកនេះ»។
ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ គ្រោងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់អង្គរខេត្តសៀមរាប ដោយតាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ឆ្នាំ២០២៣នេះ គឺជាការស្តារចំនួនអ្នករត់ប្រណាំងជាតិ និងអន្តរជាតិឡើងវិញ ក្រោយពីចំនួនអ្នករត់បានធ្លាក់ចុះខ្លាំង ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះនឹងត្រូវបានយកចិត្តទុកដាក់រៀបចំឲ្យកាន់តែមានគុណភាពខ្ពស់ ដើម្បីបន្តស្វែងរកមូលនិធិជួយដល់កិច្ចការសង្គម និងសប្បុរសធម៌។
ព្រឹត្តិការណ៍កីឡាដូចគ្នានេះបានធ្លាក់ចុះ កាលពីឆ្នាំ២០២២ កន្លងទៅទទួលបានត្រឹមចំនួនជាង ៧០០០នាក់ប៉ុណ្ណោះ ដែលកាលពីមុនវិបត្តិជំងឺកូវីដ-១៩ កាលពីឆ្នាំ២០១៩ កន្លងទៅ គឺចំនួនអ្នករត់ប្រណាំងទាំងជាតិ និងអន្តរជាតិបានចូលរួមរហូតដល់ជាង ១២០០០នាក់។ លោក សែម ផល្លា បានចាត់ទុកថា ចំនួនអ្នករត់សម្រាប់ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង សម្រាប់ឆ្នាំទី២៨ នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ មានការកើនឡើងវិញជាង ១ម៉ឺននាក់គួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះ នាយកចាត់ការទូទៅរូបនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិទាំងអស់ ព្រមទាំងដៃគូឧបត្ថម្ភគាំទ្រទាំងឡាយ ជាពិសសក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife ដែលជាអ្នកឧបត្ថម្ភធំប្រចាំព្រឹត្តិការណ៍ តែងតែផ្តល់ការគាំទ្រចូលរួម។ ដូច្នេះគណៈកម្មការរៀបចំនឹងពង្រឹងការយកចិត្តដាក់ខ្ពស់បន្ថែមជាមួយអាជ្ញាធរខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញឲ្យព្រឹត្តិការណ៍កីឡាទេសចរណ៍មួយនេះកាន់តែមានគុណភាពពីមួយឆ្នាំទៅមួយឆ្នាំ។
គួររម្លឹកថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសសន្និសីទសារព័ត៌មាន គណៈកម្មការរៀបចំទិវាពាក់កណ្តាលម៉ារ៉ាតុងអង្គរបានប្រគល់ជូនថវិកា ដែលប្រមូលបានពីការរៀបចំ កាលពីឆ្នាំ២០២២កន្លងទៅ សរុបចំនួន ៣ម៉ឺនដុល្លារដល់អង្គការសប្បុរសធម៌ ដូចជា កាកបាទក្រហមកម្ពុជា ១ម៉ឺនដុល្លារ, មន្ទីរពេទ្យគន្ធបុប្ជា ៥០០០ដុល្លារ, Cambodia Trust ២៥០០ដុល្លារ, Handicap International ២ ០០០ដុល្លារ និងអង្គការបេះដូងមាស ១០ ៥០០ដុល្លារ សម្រាប់បែងចែកបន្តដល់អង្គការសប្បុរសធម៌ចំនួន ៦ផ្សេងទៀត៕
ប្រភព៖ AKP