ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(PFM) របស់ប្រទេស ឈានទៅរកការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងការសម្រេចបានកំណើនប្រកបដោយបរិយាបន្ន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។
បើតាមសេចក្ដីប្រកាស កម្មវិធីរងទីពីរនៃកម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះផ្អែកលើសមិទ្ធិផលរបស់កម្មវិធីរងទីមួយដើម្បីពង្រឹងគោលនយោបាយនិងក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងចំណាយ និងចំណូលព្រមទាំងសមត្ថភាពស្រូបយកនៃក្រសួងដែលបានជ្រើសរើសដើម្បីអនុវត្តន៍កំណែទម្រង់ PFM និងពង្រឹងទំនួលខុសត្រូវការងារត្រួតពិនិត្យរបស់អាជ្ញាធរសវនកម្មជាតិ។
សម្រាប់វិធានការកំណែទម្រង់ដែលគាំទ្រដោយកម្មវិធីរងទីពីរដើម្បីធ្វើទំនើបកម្មប្រព័ន្ធ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅកម្ពុជាត្រូវបានអនុវត្តយ៉ាងពេញលេញមុនការអនុម័ត។ ទាំងនេះរួមមាន ការកែលម្អផែនការយុទ្ធសាស្រ្ត និងការរៀបចំថវិកាដើម្បីពង្រឹងអនុលោមភាពទៅនឹងគោលដៅគោលនយោបាយ, ការជំរុញការកៀរគរចំណូលដើម្បីបង្កើនវិលាលភាពសារពើពន្ធសម្រាប់ចំណាយសាធារណៈជាអាទិភាព, ការពង្រឹងការគ្រប់គ្រងការវិនិយោគសាធារណៈសម្រាប់ការគ្រប់គ្រងចំណាយសាធារណៈប្រកបដោយប្រសិទ្ធភាព និងការពង្រឹងការគ្រប់គ្រងបំណុលសាធារណៈ។
កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការជំរុញឌីជីថលភាវូបនីយកម្មនៃប្រព័ន្ធ PFM និងការពង្រឹងសវនកម្មផ្ធៃក្នុង និងខាងក្រៅ ស្ថិតក្នុងចំណោមវិធានការកំណែទម្រង់ដើម្បីកែលម្អប្រសិទ្ធភាពប្រតិបត្តិការជំរុញគណនេយ្យភាពហិរញ្ញវត្ថុ និងលើកកម្ពស់ការត្រួតពិនិត្យការចំណាយសាធារណៈ។
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍដែលកំណត់ដោយរាជរដ្ឋាភិបាលក្នុងដំណើរការគ្រប់គ្រងការចំណាយនិងចំណូលរបស់កម្ពុជា។ វានឹងបង្កើនសមត្ថភាពអនុវត្តន៍ការងាររបស់ក្រសួងនិងពង្រឹងមុខងារសវនកម្មខាងក្រៅ។ អន្តរាគមន៍នានាក្រោមកម្មវិធី នឹងផ្តល់នូវលំហសារពើពន្ធបន្ថែមដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាននិងគុណភាពនៃសេវាសាធារណៈព្រមទាំងគាំទ្រកំណើនប្រកបដោយបរិយាបន្ន។»
លោកស្រីបន្ដថា ADB ជាដៃគូយូរមកហើយក្នុងការគាំទ្រកំណែទម្រង់ PFM របស់កម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចាប់តាំងពីឆ្នាំ២០០៨ មកម្លេះ។ កម្មវិធីរងទីពីរនេះបង្កើតឡើងផ្អែកលើមូលដ្ឋានទាំងនេះនិងរួមបញ្ចូលការអភិវឌ្ឍសមត្ថភាពសម្រាប់មន្ត្រីរដ្ឋាភិបាលអំពីការរៀបចំថវិកាដែលឆ្លើយតបនឹងយេនឌ័រ និងរួមបញ្ចូលការបញ្ជ្រាបយេនឌ័រនៅក្នុងថវិការបស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សមភាពយេនឌ័រ។ ជាមួយគ្នានវ កម្មវិធីនេះ ក៏មានបញ្ចូលផងដែរនូវការសម្របខ្លួននិងការកាត់បន្ថយផលប៉ះពាស់នៃបម្រែបម្រួលអាកាសធាតុក្នុងគម្រោងវិនិយោគសាធារណៈដើម្បីបង្កើនភាពធន់ទៅនឹងគ្រោះថ្នាក់ធម្មជាតិនិងបានធានានូវការបែងចែកថវិកាដែលផ្តោតលើការកសាងភាពធន់នឹងអាកាសធាតុ៕
ប្រភព៖ AKP