រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្ដីពីការ បញ្ជៀសចរាចរយានយន្ដគ្រប់ប្រភេទ ចូលក្នុងតំបន់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃ២៥-២៩ ខែវិច្ឆិកា

0

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ, ម្ចាស់ការដ្ឋានសំណង់នានា, ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍, ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ, រថយន្តប្រកបអាជីវកម្មដឹកអ្នកដំណើរគ្រប់ប្រភេទ, និងម៉ូតូសណ្ដោងរ៉ឺម៉កគ្រប់ប្រភេទ ឱ្យបានជ្រាបថា ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរនៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១- រថយន្តប្រកបអាជីវកម្មដឹកអ្នកដំណើរគ្រប់ប្រភេទ និងម៉ូតូសណ្តោងរ៉ឺម៉ក មិនអនុញ្ញាតឱ្យចរាចរ ចូលតំបន់រៀបចំព្រះរាជពិធីបុណ្យ និងរង្វង់បរិវេណជុំវិញទីតាំងប្រារព្ធពិធី ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១០ៈ០០នាទី រហូតដល់ម៉ោង២២ៈ០០នាទី ដែលគោលដៅហាមឃាត់មានសមត្ថកិច្ចឈរជើងចាំណែនាំ ប៉ុន្តែអាចចរាចរបានចាប់ពីម៉ោង ២២:០០នាទី រហូតដល់ម៉ោង ១០ៈ០០នាទី ។

២- ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាថ្ងៃឈប់សម្រាក ដូច្នេះការដ្ឋានសំណង់ ទាំងអស់ ត្រូវផ្អាកដំណើរការ ចំពោះរថយន្តដឹកទំនិញ, រថយន្តធុនធំ, និងរថយន្តក្រឡុកស៊ីម៉ង់ត៍ មិនអនុញ្ញាតឱ្យចរាចរចូលក្នុងតំបន់ទីប្រជុំជន ក្នុងមូលដ្ឋានខណ្ឌដូនពេញ, ខណ្ឌចំការមន, ខណ្ឌ៧មករា, ខណ្ឌទួលគោក, និងខណ្ឌបឹងកេងកង ។

៣- គ្រប់យានយន្តធ្វើដំណើរមកចូលរួមទស្សនា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក មិនអនុញ្ញាតឱ្យចរាចរលើវិថីខេមរភូមិន្ទ (ផ្លូវលេខ១៣០), ផ្លូវលេខ៥, វិថីតេជោដំឌិន (ផ្លូវលេខ១៥៤), វិថីសម្តេចប៉ាន (ផ្លូវលេខ២១៤), ផ្លូវលេខ២៩៤, កំណាត់មហាវិថីសម្តេចសុធារស ចាប់ពីផ្លូវលេខ២៤០ រហូតដ៏ល់ផ្លូវខាងជើងស្ថានទូតរុស្ស៊ី, វិថីរដ្ឋសភា, ផ្លូវលេខ៧៨, ផ្លូវសបិត, មហាវិថីព្រះសុរាម្រិត, និងកំណាត់តីរវិថីព្រះស៊ីសុវត្ថិ, ចាប់ពីរង្វង់សម្ដេចសង្ឃ ជួន ណាត រហូតដល់ផ្លូវលេខ១៣០ ។

៤- នៅផ្លូវជាតិលេខ១៖ រថយន្តធុនធំ និងរថយន្តដឹកទំនិញ ដែលឆ្លងកាត់រាជធានីភ្នំពេញ ត្រូវចូលចតនៅក្នុងបរិវេណវត្តនិរោធរង្សី, ចំណតរថយន្តច្បារអំពៅ (ចំណតបេនរថយន្ត ស៊ុយ សុផាន), និងត្រូវបញ្ចៀសចរាចររថយន្តធុនធំ ចំណុចផ្លូវជាតិលេខ១ កែងផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ ។ ចំពោះរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទ និងម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវចូលចតក្នុងបរិវណ វត្តនិរោធរង្សី និងតាមបណ្តោយផ្លូវលេខ ៣៦៩ (ខាងត្បូងវត្តព្រែកប្រា) ៕

ប្រភព៖ AKP