Erling Haaland បង្ហើប​ពី​ម​ហិ​ច្ច​តា​របស់​គាត់​សម្រាប់​ថ្ងៃ​អនាគត

0

ខ្សែប្រយុទ្ធ Erling Haaland បាន​បង្ហើប​ថា គាត់​បាន​យក​ស្ទា​យ​លេង​តាម​កំពូល​កីឡាករ Cristiano Ronaldo ទាំង​ចលនា ចង្វាក់​លេង រួម​ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី​។

កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះ​ទើបតែ​បាន​បញ្ចប់​ជា​កីឡាករ​ជើងឯក​រង​សម្រាប់​ពានរង្វាន់ Ballon d’Or ឆ្នាំ 2023 ប៉ុន្តែ​គាត់​បាន​ឈ្នះ​ពាន Gerd Müller Trophy ដែល​ជា​ពានរង្វាន់​សម្រាប់​អ្នក​ស៊ុត​បញ្ចូល​ទី​ដ៏​ឆ្នើម ក្រោយ​គាត់​រក​គ្រាប់​បាល់​បាន​ចំនួន 52 គ្រាប់​គ្រប់ការ​ប្រកួត​ទាំងអស់​ជាមួយ​ក្រុម Manchester City ។

សម្រាប់​រដូវ​កាល​នេះ Haaland នៅ​តែ​បង្ហាញ​ភាព​ខ្លាំង ដោយ​ស៊ុត​បញ្ចូល​ទី​បាន 17 គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន 18 ប្រកួត​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់ ហើយ​ការ​ស្រេកឃ្លាន​មិន​ឈប់​ឈរ​សម្រាប់​គ្រាប់​បាល់​របស់​គាត់ បាន​ធ្វើ​អោយ Real Madrid និង Barcelona ចាប់អារម្មណ៍​។

កីឡាករ​សញ្ជាតិ​ន័​រវេ​សរូប​នេះ​បាន​ប្រាប់​ទូរទស្សន៍ TV2 ថា Ronaldo បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ជា​ពិសេស​គាត់​បាន​សារភាព​ថា​គាត់​បាន​យក​ស្ទា​យ​លេង​របស់​កីឡាករ​រូប​នេះ​។

Haaland បាន​និយាយ​ថា​៖ «​ខ្ញុំ​តែងតែ​មើល​គាត់​នៅ​លើ YouTube សម្រាប់​ចង្វាក់​លេង​របស់​គាត់​នៅ​ក្នុង​ប្រអប់ ។ ហើយ​ខ្ញុំ​ចូល​ចិត្តការ​បញ្ចប់​ទីពោ​ពេញ​ដោយ​កម្លាំង​។ របៀប​ដែល Cristiano ផ្លាស់​ទី និង​របៀប​ដែល​គាត់​គ្រប់គ្រង​បាល់ គឺ​ពិតជា​អស្ចារ្យ​ណាស់ ។ ខ្ញុំ​ចាំ​ថា​គាត់​បាន​ផ្លាស់​លេង​ក្លឹ​ប​យក្ស​ដំបូង គឺ​ក្រុម​បិសាច​ក្រហម Manchester United មុន​គាត់​ផ្លាស់​ទៅ Real Madrid ក្លាយជា​កំពូល​កីឡាករ​ក្នុង​ប្រវត្តិសាស្ត្រ ។ ហើយ​ថ្ងៃមួយ​ខ្ញុំ​ចង់​ក្លាយជា​អ្នក​ស្នង​តំណែង​កំណត់​ត្រា​របស់​គាត់​»​។

បច្ចុប្បន្ន Haaland កំពុង​ក្លាយជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​ដោយ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន 207 គ្រាប់​ក្នុង 216 ប្រកួត​សម្រាប់​ក្លឹ​ប និង​ប្រទេស​គិត​ចាប់តាំងពី​ចូលរួម​ជាមួយ​ក្រុម Red Bull Salzburg ក្នុង 2018៕