កីឡាការិនី ប៉ាល់ ឆរស្ម៊ី ត្រៀមប្រកួត៥វិញ្ញាសា កីឡាវ៉ូវូណាមជើងឯកពិភពលោក នៅប្រទេសវៀតណាម

0

ភ្នំពេញ៖ កីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា បាល់ ឆរស្ម៊ី កំពុងបន្តការហ្វឹកហាត់យ៉ាងសកម្មនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីត្រៀមប្រកួតប្រជែងមេដាយជូនជាតិ លើវិញ្ញាសាចំនួន ចំនួន៥ នៅក្នុងការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក លើកទី៧ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរការជាផ្លូវការពីថ្ងៃទី២២វិច្ឆិកា ដល់ថ្ងៃទី២ ធ្នូ ឆ្នាំ២០២៣។

កីឡាការិនី បាល់ ឆរស្ម៊ី បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ពីទីក្រុងហូជីមិញមកថា បន្ទាប់ពីមកប្រមូលផ្តុំហ្វឹកហាត់បន្ត នៅទីក្រុងរៀបចំការប្រកួតជើងឯកពិភពលោកនេះ គឺកីឡាការិនីឆ្នើមវ័យ៣៨ឆ្នាំរូបនេះនឹងត្រៀមការប្រកួតលើ៥វិញ្ញាសា ដូចជាវិញ្ញាសាកាំបិតធំនារីឯកត្តជន, ស្នៀតការពារខ្លួនបុរសម្នាក់ និងនារីម្នាក់, វិញ្ញាសាក្រុមនារី៣នាក់បុរស៣នាក់, វិញ្ញាសាក្បាច់មូលដ្ឋានគ្រឹះ នារី៦នាក់ និង វិញ្ញាសានារីម្នាក់ទល់បុរស៣នាកមានអាវុធ។

សម្រាប់ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក គឺកីឡាការិនី ប៉ាល់ ឆរស្ម៊ី ធ្លាប់បានចូលរួមចំនួន៤លើកមកហើយ ក្នុងនោះ លើកទី១ កាលពីឆ្នាំ២០១១ ជើងឯកពិភពលោក លើកទី២  នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ទទួលបានមេដាយប្រាក់ ៣គ្រឿង។ លើកទី២ ឆ្នាំ២០២៧ ជើងឯកពិភពលោក លើកទី៥ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ទទួលបាន មេដាយមាស ២គ្រឿង និងប្រាក់២គ្រឿង។ លើកទី៣ ឆ្នាំ២០១៩ ជើងឯកពិភពលោកលើកទី៦ នៅរាជធានីភ្នំពេញ ទទួលបានមេដាយ មាស៣គ្រឿង ប្រាក់១ និងសំរឹទ្ធ១គ្រឿង។

កីឡាការិនី ប៉ាល់ ឆរស្ម៊ី បញ្ជាក់ថា សម្រាប់ការហ្វឹកហាត់ត្រៀមគឺខំប្រឹងប្រែងអស់ពីកម្លាយកាយ ដើម្បីប្រកួតប្រជែងមេដាយយកមកជូនជាតិ ប៉ុន្តែមិនទាន់អាចនិយាយពីក្តីសង្ឃឹមក្នុងកម្រិតមេដាយណានោះឡើយ ពីព្រោះជើងឯកពិភពលោក ឆ្នាំ២០២៣នេះមានប្រទេសចូលរួមច្រើន និងមានប្រទេសថ្មីៗក៏បានចូលរួមប្រកួតដែរ។

គួររម្លឹកថា ប៉ាល់ ឆរស្ម៊ី គឺជាកីឡាការិនីឆ្នើមប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលដណ្តើមបានមេដាយច្រើនជាងគេ រហូតដល់៦គ្រឿង គឺមេដាយមាស៤គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ​១គ្រឿង។ ប៉ាល់ ឆរស្ម៊ី ទទួលបានពានរង្វាន់អត្តពលិកឆ្នើមប្រចាំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងក្លាផងដែរ។

បើតាមការគូសបញ្ជាក់ពីឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាធ្លាប់បានបញ្ជាក់ក្នុងឱកាសសំណេះសំណាលជូនដំណើរ កាលពីដើមសប្តាហ៍មុនថា សហព័ន្ធបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ៣៧នាក់ ចូលរួមការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងពិភពលោក ឆ្នាំ២០២៣។ ប្រធានសហព័ន្ធ បានបង្ហាញការជឿជាក់ និងដាក់ក្ដីរំពឹងខ្ពស់លើអត្តពលិករបស់ខ្លួន ក្នុងការប្រជែងមេដាយជូនជាតិ ទោះបីការប្រកួតឆ្នាំនេះ មានប្រទេសថ្មីៗចូលរួមច្រើនក៏ដោយ។ ឯកឧត្តម អ៊ូ រតនា បានបន្ថែមថា បន្ទាប់ពីចប់ស៊ីហ្គេម ដោយពុំមានការប្រមូលផ្ដុំ ស្របពេលសហព័ន្ធមានភារកិច្ចចូលរួមប្រកួតជើងឯកពិភពលោកនៅចុងឆ្នាំ សហព័ន្ធក៏បានខ្នះខ្នែងជំរុញ និងរៀបចំការហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីរបស់ខ្លួន ដើម្បីរក្សានូវគុណផលត្រៀមការប្រកួត។ ជាក់ស្ដែងមុនការប្រកួត ២សប្ដាហ៍ សហព័ន្ធថែមទាំងបញ្ជូនពួកគេទៅប្រមូលផ្ដុំហ្វឹកហាត់មុន នៅទីក្រុងហូជីមិញ ដើម្បីត្រៀមលក្ខណៈបានកាន់តែល្អប្រសើរ តែក៏ជាបន្ទុកមួយធ្ងន់សម្រាប់សហព័ន្ធដែរ៕

ប្រភព៖ AKP