លោក Pep Guardiola បានបញ្ជាក់ថា John Stones នឹងត្រូវអវត្តមានមួយរយៈ ដោយសារតែរបួសសាច់ដុំ ដែលគាត់បានជួបក្នុងការទទួលជ័យជម្នះរបស់ Manchester City លើ Young Boys កាលពីយប់ថ្ងៃអង្គារ។ កីឡាករសញ្ជាតិអង់គ្លេសត្រូវបានជំនួសដោយ Nathan Ake នៅតង់ទី២ នៃជ័យជម្នះ 3-0 លើក្រុមស្វីស។
លោក Guardiola បានបញ្ជាក់ថា សាច់ដុំរបស់ Stones មានបញ្ហាហើយគាត់ត្រូវសម្រាកព្យាបាលមួយរយៈ។ គាត់បានប្រាប់ TNT Sports ថា៖ «ជាអកុសល John គាត់បានប្ដូរចេញជាមួយរបួស។ ខ្ញុំអាណិតគាត់ណាស់ ព្រោះគាត់ជាកីឡាករដែលមានវិជ្ជាជីវៈ និងមានការប្តេជ្ញាចិត្តខ្ពស់ គ្មានគាត់វាជាការខាតបង់ដ៏ធំសម្រាប់យើង។ John មានសារៈសំខាន់ណាស់ជាមួយនឹងអ្វីដែលគាត់ធ្វើ ហើយគាត់នឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ»។
នៅពេលអ្នកសារព័ត៌មានសួរថាតើ Stones អាចអវត្តមានយូរទេ លោក Guardiola បាននិយាយថា៖ «បាទ គាត់ត្រូវសម្រាកប៉ុន្តែមិនយូរទេ។ វាជារបួសសាច់ដុំ ដូច្នេះនឹងត្រូវសម្រាកមួយរយៈ។ វាជាដំណឹងអាក្រក់សម្រាប់ពួកយើង»៕