យោងតាមរបាយការណ៍ Metro UK បានឱ្យដឹងថាលោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើង Arsenal បានកោះហៅកីឡាករ Chido Obi-Martin អាយុ 15 ឆ្នាំមកហ្វឹកហាត់ជាមួយក្រុមឈុតធំ។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះនឹងត្រូវបញ្ចូលក្នុងក្រុម Arsenal U19 សម្រាប់ការប្រកួតទល់នឹង Sevilla ក្នុងពានរង្វាន់ UEFA Youth League នៅថ្ងៃពុធ។
ថ្មីៗនេះ Obi-Martin បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Arsenal U21s ទល់នឹង Brighton ហើយត្រូវបានគេរំពឹងថានឹងមានអនាគតល្អជាមួយក្លឹប។ Obi-Martin បានស៊ុតបញ្ចូលទី Hat-trick សម្រាប់ក្រុម Arsenal U18 ក្នុងជ័យជម្នះ 4-0 លើក្រុម Southampton កាលពីខែកញ្ញា។
ក្មេងជំទង់ដែលលេងឱ្យក្រុមជម្រើសជាតិដាណាម៉ាកនៅកម្រិត U16 ហើយបានស៊ុតបញ្ចូលទីចំនួន 7 គ្រាប់ក្នុងការប្រកួតចំនួន 9។ ទន្ទឹមនឹងនេះ Arteta បាននិយាយថា៖ «នៅពេលដែលយើងធ្វើការសម្រេចចិត្តលើកីឡាករ យើងតែងតែតាមដានពួកគេ ហើយមើលថា តើគាត់អាចអភិវឌ្ឍដល់កម្រិតណា។ រឿងដំបូងដែលយើងធ្វើគឺផ្ដល់ឱកាសដល់ពួកគេ»៕