ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់ដូអាយធីអែហ្វកម្ពុជាបានប្រកាសជូនដំណឹងពីការរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ពានរង្វាន់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាគូសបញ្ជាក់ថា ការប្រកួតនេះនឹងត្រូវបានចែកចេញជា២វ័យ គឺយុវជនអាយុ១៣ឆ្នាំដល់១៨ឆ្នាំ និងពេញវ័យ ដោយមាន២៩វិញ្ញាសា។ ផ្នែកទី១ សម្រាប់យុវជន មានវិញ្ញាសាមេគុនឯកត្តជន (២វិញ្ញាសា), ប្រយុទ្ធបុរស-នារី ៦ប្រភេទទម្ងន់។ ផ្នែកទី២ សម្រាប់កីឡាករ កីឡាការិនីពេញវ័យចាប់ពីអាយុ១៨ឆ្នាំឡើងលើ មានមេគុនសម្រាប់ក្លឹប ៤វិញ្ញាសាលើកម្រិតខ្សែក្រវាត់ឯកត្តជនបុរស-នារី, មេគុនសម្រាប់ក្រុមជម្រើសជាតិ មាន៤វិញ្ញាសា ក្នុងកម្រិតខ្សែក្រវាត់ឯកត្តជនបុរស-នារី, វិញ្ញាសាប្រយុទ្ធសម្រាប់ក្លឹប មាន៨វិញ្ញាសា សម្រាប់បុរស-នារី និងវិញ្ញាប្រយុទ្ធសម្រាប់ជម្រើសជាតិ បុរស-នារី មាន៥វិញ្ញាសា។
ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ទៀតថា ចំពោះសមាគម និងក្លឹបមានសិទ្ធិដាក់ពាក្យចូលរួមប្រកួតនូវចំនួនកីឡាករ កីឡាការិនីចំនួន១៨នាក់យ៉ាងច្រើន ក្នុង១សមាគម ឬក្លឹប ខណៈកីឡាករ ឬកីឡាការិនីម្នាក់ៗអាចចូលរួមប្រកួតបានច្រើនបំផុត ត្រឹម២វិញ្ញាសាប៉ុណ្ណោះ។ ចំពោះការកំណត់បច្ចេកទេស គឺលើវិញ្ញាសាប្រយុទ្ធ គឺការប្រកួតឯកត្តជន មួយប្រកួតមាន២ទឹក ហើយក្នុង១ទឹកៗ មាន២នាទី ហើយគ្រប់ការប្រកួតទាំងអស់ ក្នុងករណីស្មើគ្នា ត្រូវបន្ថែម១ទឹកទៀត មាន១នាទី ហើយប្រសិននៅតែស្មើគ្នាទៀត គឺត្រូវប្រកួតយកពិន្ទុមាស ដោយអ្នកទាត់ ឬវាយចូលមុន ជាអ្នកឈ្នះការប្រកួតែម្តង ដោយមិនកំណត់ពេលវេលាឡើយ សម្រាប់ការប្រកួតយកពិន្ទុមាស។
គួរបញ្ជាក់ថា សម្រាប់ការទទួលចុះឈ្មោះចូលរួមប្រកួតរបស់សមាគម និងក្លឹបនឹងត្រូវបិទបញ្ចប់ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕
ប្រភព៖ AKP