ប្រជាពលរដ្ឋ ៩២៣គ្រួសារ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ (ប្លង់រឹង)

0

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា ការចែកប្លង់រឹងនៅពេលនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុក ដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជានាចក្រកម្ពុជា គឺបានបន្តថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាពសុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រដល់បងប្អូនប្រជាពលរដ្ឋ ។

ឯកឧត្តម  ស៊ុន សុវណ្ណារិទ្ធិ មានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ នៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង លោកលោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនាក់ផងដែរ។

លោក ឈុន សុខកុម្ភៈ ឱ្យដឹងថា នៅថ្ងៃនេះរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចំនួន ២ ៨២៦ក្បាលដី ស្មើនឹងប្រជាពលរដ្ឋ ៩២៣គ្រួសារ ។

លោកបានបន្តថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំងបានអនុវត្តន៍ កាចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ បានចំនួន ២៤៥ភូមិ និង ៣៥ឃុំ និងបានចុះបញ្ជីបាន ៣២៨ ៨១៨ក្បាលដី ស្មើនឹង៥០ភាគរយ នៃចំនួនប៉ាន់ស្មានសរុបទូទាំងខេត្តហើយ ។ ខេត្តកំពង់ឆ្នាំងបានរៀបចំបង្កើតក្រុមចុះបញ្ជីដីធ្លីចំនួន ៥ក្រុមបន្ថែមទៀត ដើម្បីជួយពន្លឿនដល់ការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋឱ្យបានចប់រួចរាល់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិងផែនការយុទ្ធសាស្ត្ររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា  រាជរដ្ឋាភិបាលកម្ពុជាតែងគិតគូរពីផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសុខទុក្ខប្រជាពលរដ្ឋយ៉ាងសំខាន់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថិរភាពសង្គម ។ ដូច្នេះការផ្ដល់កម្មសិទ្ធិដីធ្លីនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំបង្កើនផលិតភាព ក៏ដូចជា ការវិនិយោគក្នុងវិស័យកសិកម្ម ឱ្យកាន់តែកើនឡើងថែមទៀត ។

ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមឱ្យបងប្អូនថែរក្សាប័ណ្ណកម្មសិទ្ធិដីធ្លីនេះឱ្យបានគង់វង្ស ព្រោះវាជាទ្រព្យដ៏មានតម្លៃសម្រាប់ថ្ងៃក្រោយ ។ ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយទំនាស់ ព្រមទាំងធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ហើយអាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដី ដើម្បីផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរ ឬអាជីវកម្មរបស់ខ្លួន ទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេង ៗទៀតលើដីធ្លីរបស់ខ្លួន ដោយគ្មានការព្រួយបារម្ភ ៕

ប្រភព៖ AKP