កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឯកឧត្តម វ៉ី សំណាង នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះជួបសួរសុខទុក្ខ និងផ្តល់ថវិកាឧបត្ថម្ភសម្រាប់សម្រាល ការស្នាក់នៅព្យាបាល ដល់កម្មករកម្មការិនីចម្ការស្វាយចំនួន៣៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ក្រោយជួបគ្រោះថ្នាក់ចរាចរ ណ៍ កាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ២០២៣ លើកំណាត់ផ្លូវក្រាលកៅស៊ូ ចំណុចភូមិក្បាលទឹកលើ ឃុំជ៉ាំសង្កែ ស្រុកភ្នំស្រួច។
ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា គ្រោះថ្នាក់ពិតជាមើលមិនឃើញនោះទេ ការធ្វេសប្រហែសតែមួយវិនាទី គឺបណ្តាលឱ្យយើងជួបនូវគ្រោះថ្នាក់ភ្លាម ។ ដូច្នេះហើយទើបទាមទារឱ្យយើងគ្រប់គ្នាតោងឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសគឺអ្នកបើកបរ និងអ្នកបញ្ជាយានយន្តគ្រប់ប្រភេទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ។ ការធ្វេសប្រហែសមួយពេល គឺធ្វើឱ្យយើងត្រូវបាត់បង់គ្រប់យ៉ាង ត្រូវរងពិការភាព និងខ្លះត្រូវបាត់បង់ទាំងអាយុជីវិតទៀតផង ។
ឯកឧត្តមអភិបាលខេត្តសង្កត់ធ្ងន់ថា «នេះពិតជាសំណាង ដែលមិនមានបងប្អូនណាម្នាក់ ត្រូវបាត់បង់អាយុជីវិត តែមានបងប្អូនខ្លះត្រូវប្រើរយៈពេលយូរដើម្បីសម្រាកព្យាបាលឱ្យបានជាសះស្បើយ ទាំងនេះធ្វើឱ្យបងប្អូនមិនបានទៅបម្រើការងារ ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ តែយ៉ាងណាសូមបងប្អូនកុំទាន់គិតលើកត្តានេះអី គឺត្រូវគិតពីសុខភាពសំខាន់ និងខិតខំអនុវត្តន៍តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយ » ។
លោកវេជ្ជបណ្ឌិត ឃីម វិដាសែត ជំនាញផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្នកម្មករ កម្មការិនី ដែលបានជួបឧបទ្ទវហេតុមាន៥នាក់ រងរបួសធ្ងន់ ដោយ២នាក់បាក់ដងកាំបិត និង៣នាក់ប៉ះពាល់ក្បាលធ្ងន់ធ្ងរ។
បច្ចុប្បន្នពួកគាត់កំពុងស្ថិតក្រោមការព្យាបាល យ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ដែលការព្យាបាលនេះនឹងប្រើរយៈពេលយូរ ចំណែកអ្នករបួសស្រាលផ្សេងទៀត អាចប្រើរយៈពេលព្យាបាល ត្រឹមតែមួយសប្តាហ៍ ទៅ១០ថ្ងៃប៉ុណ្ណោះ អាចវិលទៅធ្វើការជាធម្មតាវិញហើយ ។
ប្រភព៖ AKP