កីឡាករ Pedri ត្រូវបានគេរំពឹងថា នឹងត្រលប់មកចូលរួមជាមួយ Barcelona វិញពីរបួសសរសៃពួរក្នុងពេលថ្មីៗនេះ សម្រាប់ការប្រកួត El Clasico ខាងមុខជាមួយ Real Madrid។
ខ្សែបម្រើរូបនេះបានអវត្តមានចាប់តាំងពីការប្រកួតទី 2 សម្រាប់ក្របខណ្ឌ La Liga រដូវកាល 2023/24 ដោយបានទទួលរងនូវរបួសដែលក្លឹបបានបញ្ជាក់ថាជា “របួសសសៃពួរខាងស្តាំ” ក្នុងការហ្វឹកហាត់បន្ទាប់ពីជ័យជម្នះ 2-0 លើ Cadiz ជាការប្រកួតដែលគាត់បានស៊ុតបញ្ចូលទី។
របួសនេះគឺជារឿងមួយក្នុងចំណោមបញ្ហាជាច្រើនដែល Pedri បានទទួលរងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកីឡាកររូបនេះបានខកខានការប្រកួតចំនួន 66 លើក ដែលភាគច្រើនដោយសារតែរបួសសរសៃពួរ។
ដោយសារបញ្ហាសរសៃពួររបស់គាត់កើតឡើងម្តងទៀត ក្លឹប Barcelona មានការប្រុងប្រយ័ត្នយ៉ាងខ្លាំងទាក់ទងនឹងការសម្រាកព្យាបាលរបួសរបស់ខ្សែបម្រើរូបនេះ ហើយដូច្នេះ Pedri បានអវត្តមានពីរខែនៃរដូវកាល 2023/24 មកទល់នឹងពេលនេះ។
ឥឡូវនេះ Pedri ត្រូវបានគេរំពឹងថានឹងអាចបង្ហាញខ្លួនសម្រាប់ការប្រកួត UEFA Champions League របស់ Barcelona ជាមួយ Shakthar Donetsk នៅថ្ងៃទី 25 ខែតុលា នៅបីថ្ងៃមុនពេលជំនួប La Liga ដ៏សំខាន់ជាមួយ Real Madrid ។
ថ្លែងក្នុងកម្មវិធី The Residency នាពេលថ្មីៗនេះ Pedri បានផ្តល់ព័ត៌មានថ្មីៗអំពីការសម្រាកព្យាបាលរបួសរបស់គាត់ ហើយបានសារភាពថាគាត់កំពុងកំណត់គោលដៅត្រលប់មកវិញ ក្រោយការសម្រាកអន្តរជាតិក្នុងខែតុលា ដោយនិយាយថា ៖ «សំណាងល្អ អ្វីៗបានដំណើរការប្រសើ ឆាប់ៗនេះខ្ញុំត្រលប់ទៅចូលរួមជាមួយក្រុមវិញ បន្ទាប់ពីសម្រាក។ ខ្ញុំបានត្រៀមខ្លួនរួចហើយ»។
នៅពេលសួរជាពិសេសអំពី El Clasico Pedri បានបន្ថែមថា “ប្រសិនបើខ្ញុំនៅទីនោះ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព” ។
ខណៈដែលបច្ចុប្បន្ន Barcelona ជាក្រុមដែលរងបរាជ័យតែមួយលើកគត់ក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ បច្ចុប្បន្ននេះ Barca ឈរនៅលេខរៀងទី 3 តាមពីក្រោយក្រុម Girona និង Real Madrid៕