តារាវ័យក្មេងរបស់ Barca កីឡាករ Pedri សង្ឃឹមថានឹងជាសះស្បើយពីរបួសទាន់ពេលបង្ហាញខ្លួនក្នុងការប្រកួត El Clasico ទល់នឹង Real Madrid នៅខែនេះ។
គាត់បានរងរបួសភ្លៅកាលពីចុងខែសីហា ក្នុងអំឡុងពេលហ្វឹកហាត់។ ទោះយ៉ាងណាក៏ដោយ បញ្ហានេះហាក់ដូចជាមិនមានរយៈពេលយូរនោះទេ។ នៅក្នុងការសន្ទនាជាមួយអ្នកគាំទ្រតាមរយៈវេទិកាឌីជីថលជាមួយ The Residency កីឡាករ Pedri បានពិភាក្សាអំពីលទ្ធភាពរបស់គាត់ ក្នុងការទទួលបានកាយសម្បទាពេញលេញឡើងវិញក្នុងពេលឆាប់ៗនេះ ដោយកំណត់ថាអាចត្រលប់មកវិញក្នុងការប្រកួតទល់នឹងក្រុម Real Madrid ។
កីឡាករវ័យ ២០ឆ្នាំរូបនេះបាននិយាយថា៖ «របួសគឺជាបញ្ហារ ហើយខ្ញុំបានធ្វើតាមការណែនាំរបស់គ្រូពេទ្យបានយ៉ាងល្អ។ អ្វីៗបានដំណើរការល្អ ហើយខ្ញុំជិតបានត្រលប់ទៅលើទីលានវិញហើយ»។
ក្រោយមកគាត់ត្រូវបានអ្នកសារព័ត៌មានសួរថា តើគាត់អាចត្រលប់មកទាន់សម្រាប់ការប្រកួត El Clasico ដែរឬទេ គាត់បានឆ្លើយថា៖ «ប្រសិនបើអ្វីៗដំណើរការល្អ អ្នកនឹងឃើញខ្ញុំនៅក្នុងការប្រកួតនោះ» ដែលនេះជាសញ្ញាល្អសម្រាប់អ្នកគាំទ្រក្លឹប Barca។
ទោះបីជាអវត្តមានរបស់ Pedri ក៏ Barca បានចាប់ផ្តើមរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍ដោយទទួលបាន 20 ពិន្ទុពីការប្រកួតបើកឆាកចំនួន 8 របស់ពួកគេ និងតាមពីក្រោយក្រុមកំពូលតារាង Real Madrid ត្រឹមមួយពិន្ទុប៉ុណ្ណោះ៕