ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Manchester City បាននិយាយថាលោក Pep Guardiola បាននិយាយថាគាត់នឹងវាយ ប្រសិនបើគាត់មិនផ្តោតអារម្មណ៍សម្រាប់ពេលហ្វឹកហាត់។
ដោយបានស៊ុតបញ្ចូលទីបាន 86 គ្រាប់ដ៏អស្ចារ្យក្នុងការបង្ហាញខ្លួន 89 លើកសម្រាប់ Borussia Dortmund Haaland បានទាក់ទាញការចាប់អារម្មណ៍ពីក្លឹបល្បីៗនៅអឺរ៉ុបជាច្រើន។ ប៉ុន្តែចុងក្រោយ Haaland បានជ្រើសរើសចូលរួមជាមួយ Man City ក្នុងតម្លៃ 51.2 លានផោន។ កីឡាករវ័យ 23 ឆ្នាំរូបនេះមានភាពរំជើបរំជួលចាប់តាំងពីការផ្លាស់ប្តូររបស់គាត់ដោយស៊ុតបញ្ចូលទីបាន 52 គ្រាប់ក្នុង 53 ប្រកួតកាលពីរដូវកាលមុន ខណៈដែល Man City បានលើកពាន Champions League, Premier League និង FA Cup។
ឥឡូវនេះ Haaland បានសារភាពថាលោក Guardiola មានការទាមទារជាច្រើន ប្រសិនបើគាត់សម្រេចចិត្តចុះហត្ថលេខាសម្រាប់ City ។ Haaland បានប្រាប់ The Telegraph ថា៖ «មានច្រើនណាស់! គាត់ទាមទារច្រើនក្នុងការហ្វឹកហាត់»។
«នៅពេលខ្ញុំនិយាយជាមួយគាត់មុនពេលខ្ញុំចុះហត្ថលេខានៅទីនេះ គាត់បាននិយាយថា៖ «ខ្ញុំមិនខ្វល់ថាអ្នកធ្វើអ្វីទេ ឬអ្នកចង់បានអ្វីទេ។ ប៉ុន្តែនៅពេលដែលអ្នកនៅលើទីលានហ្វឹកហាត់ អ្នកត្រូវតែផ្តោតអារម្មណ៍។ បើមិនអញ្ចឹងទេ ខ្ញុំនឹងវាយអ្នក!»
បន្ទាប់ពីឈ្នះពានរង្វាន់បីនេះ Man City ចាប់ផ្តើមរដូវកាលបានយ៉ាងល្អ បើទោះបីជាមានការប្រកួតកាលពីសប្តាហ៍មុនបានចាញ់ក្រុម Newcastle និង Wolves ក៏ដោយ។ ក្រុមរបស់លោក Guardiola បានត្រលប់មករកជ័យជម្នះវិញដោយការផ្តួល RB Leipzig កាលពីថ្ងៃពុធ ជាមួយនឹងគ្រាប់បាល់ចុងម៉ោងរបស់ Julian Alvarez និង Jeremy Doku ដែលជាតួអង្គសំខាន់នៅលើទីលាន។
និយាយអំពីអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់ City កីឡាករ Haaland បានគូសបញ្ជាក់ពីការផ្តោតអារម្មណ៍ និងរបៀបដែលក្រុមហ្វឹកហាត់ជាកត្តានៃកំណត់ត្រាមិនគួរឱ្យជឿរបស់ពួកគេ។ Haaland បាននិយាយថា៖ «នោះជារបៀបដែលគាត់បង្វឹកយើង។ វាជាមូលហេតុដែលពួកយើងទទួលបានជោគជ័យដូច្នេះ»។
«នៅទីនេះក៏មានសម្ពាធដែរ។ សម្ពាធដែលយើងមានរាល់ថ្ងៃ គឺយើងត្រូវសហការគ្នាជាក្រុម មិនមែនជាបុគ្គលទេ ។ យើងត្រូវផ្តោតលើការហ្វឹកហាត់ជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃសម្រាក យើងកុំគិតពីបាល់ទាត់ កុំគិតគ្រប់យ៉ាងនៅលើទីលាន»។
«ខ្ញុំគិតថា នោះជាផ្នែកមួយដ៏ធំនៃមូលហេតុដែលវាជោគជ័យខ្លាំងនៅទីនេះជាមួយកីឡាករទាំងអស់។ ហើយនេះគឺជាអ្វីដែល Pep ទាមទារ»៕