កែប៖ កុមារីអាយុ៩ឆ្នាំ នៅក្នុងខេត្តកែប នឹងទទួលបានថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដោយ ឥតគិតថ្លៃ។ នេះបើតាមប្រសាសន៍របស់ លោកស្រី គឹម ចន្នី អភិបាលរងខេត្ត តំណាងឯក ឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដែលបានអញ្ជើញ ជាអធិបតីក្នុងពិធីប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារីអាយុ ៩ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងបរិវេណសាលាបឋមសិក្សាដំណាក់ចង្អើរខេត្តកែប។
លោកស្រី គឹម ចន្នី មានប្រសាសន៍ថា ការដាក់បញ្ចូលថ្នាំបង្ការជំងឺមហា រីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ គឺដើម្បីសង្គ្រោះជីវិតពីសេចក្ដីស្លាប់ដែល បណ្ដាលមកពីជំងឺ មហារីកមាត់ស្បូន វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន គឺមាន សារៈសំខាន់ណាស់សម្រាប់កុមារី ព្រោះពួកគាត់មានបញ្ហាប្រឈមច្រើន ដូចនេះវ៉ាក់សាំង នេះនឹងជួយឱ្យកុមារីរួចផុតពីជំងឺ ដ៏កាចសាហាវនេះបាន។
ជាមួយគ្នានេះ លោកស្រីអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍសូមចូលរួម៖ ១-សូមផ្សព្វផ្សាយដល់ អាណាព្យាបាល របស់កុមារីអាយុ ៩ឆ្នាំទាំងអស់ ត្រូវនាំកូនស្រីមកទទួលវ៉ាក់សាំងជំងឺមហារីកមាត់ស្បូន ឱ្យបានគ្រប់ៗគ្នា, ២-សូមបន្តអប់រំ និងកៀរគរបងប្អូនប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងកូវីដ-១៩ ដូសបន្ថែម, ៣-ករណីមានជំងឺរាតត្បាត ឬជំងឺមានលក្ខណៈបណ្ដុំច្រើន សូមរាយការណ៍ ជាបន្ទាន់មកមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តដើម្បីអន្តរាគមន៍។ ៤-សូមផ្សព្វផ្សាយឱ្យ ប្រជាពលរដ្ឋមកទទួលសេវាពិនិត្យពិគ្រោះស្រាវជ្រាវរកជំងឺទឹកនោមផ្អែម និងជំងឺលើស ឈាមតាមមណ្ឌលសុខភាពឱ្យបានគ្រប់គ្នា។
បើតាមរបាយការណ៍របស់លោក ឱសថការី ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានឱ្យដឹងថា កុមារីក្នុងខេត្តកែប មានចំនួន ៤៩២នាក់ ដែលត្រូវទទួលបានវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូននេះ។
លោកបញ្ជាក់ថា ក្រសួងសុខាភិបាលបានសហការជាមួយក្រសួង អប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋាន ដោយបានការគាំទ្រពីអង្គការសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការ(Gavi) អង្កការសុខភាពពិភពលោក(WHO) អង្កការមូលនិធិ សម្រាប់កុមារនៃអង្កការសហប្រជាជាតិ (UNICEF) និងអង្កការគ្លីនតុនហែល្ស អែកសេស អ៊ីនីតស៊ីអេធីវ (CHAI) បានដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារអាយុ ៩ឆ្នាំ ក្នុងម្នាក់ទទួលបាន ១ដូសនៅទូទាំងប្រទេស ចំពោះការផ្តល់ថ្នាំបង្ការជំងឺមហារីក មាត់ស្បូននេះ ធ្វើនៅតាមសាលារៀនបឋមសិក្សា ភូមិ/ឃុំ ឬសហគមន៍ ហើយការផ្ដល់ថ្នាំ បង្ការពេញមួយឆ្នាំវិញ គឺមាននៅតាមមណ្ឌលសុខភាពចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះតទៅ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា