ក្រុម Liverpool ត្រូវបានគេរាយការណ៍ថា នឹងស្វែងរកការដេញថ្លៃសម្រាប់ខ្សែបម្រើស្លាប Wolverhampton Wanderers កីឡាករ Pedro Neto នៅឆ្នាំក្រោយ។
លោក Jurgen Klopp មានការផ្លាស់ប្ដូរលើខ្សែបម្រើកណ្តាលឡើងវិញនៅរដូវក្តៅ ដោយកីឡាករចាស់មួយចំនួនបានចាកចេញពីកីឡដ្ឋាន Anfield ។ ដោយបាននាំយកកីឡាករ ៣ រូបរួមមាន Dominik Szoboszlai , Alex Mac Alister និង Endo ដើម្បីមកបំពេញការខ្វះខាតក្នុងក្រុម ។
នៅក្នុងទីផ្សារដោះដូរកីឡាករ Liverpool ស្ទើរតែបាត់បង់ Mohamed Salah ដោយទទួលបានសំណើរទឹកប្រាក់ 150 លានផោនពីកាន់ Saudi Pro League។ ផ្ទុយទៅវិញ Liverpool បានបដិសេធសំណើពីក្លឹបពីមជ្ឈិមបូព៌ា។
ទោះជាយ៉ាងណាក៏ដោយ Salah នៅសល់កិច្ចសន្យា ២ឆ្នាំសម្រាប់ក្រុម Liverpool ហើយក្រុមហង្សក្រហមកំពុងតែស្វែងរកកីឡាករ ដើម្បីជំនួសកីឡាករសញ្ជាតិអេហ្សីប ប្រសិនបើគាត់មិនចុះកិច្ចសន្យាបន្ត។
យោងតាម Football Transfers បានអោយដឹងថា Liverpool កំពុងតែធ្វើការចរចារជាមួយ Wolves ក្នុងការចុះហត្ថលេខាលើ Neto។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ពី Arsenal ផងដែរ។
គួរបញ្ជាក់ Neto មានកិច្ចសន្យាជាមួយ Wolves រហូតដល់ឆ្នាំ 2027 ។ Neto ស្ថិតក្នុងរដូវកាលទីប្រាំរបស់គាត់ជាមួយក្លឹប Wolves ដោយរកបាន 12 គ្រាប់ និង assist 17 ដងក្នុង 118 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់៕