គ្រូបង្វឹកក្រុមហង្សក្រហមលោក Jurgen Klopp តែងតែគាំទ្រជានិច្ចចំពោះការបង្ហាញខ្លួនរបស់ Thiago Alcantara ចាប់តាំងពីមកដល់កីឡដ្ឋាន Anfield ។
ទោះជាយ៉ាងណាក៏ដោយ ពេលវេលារបស់ Thiago នៅ Liverpool កាន់តែមានភាពរកាំរកូសជាមួយនឹងបញ្ហារបួស ហើយកាលពីរដូវកាលមុន គាត់បានចាប់ផ្តើមលេងបានត្រឹមតែ 14 ប្រកួតប៉ុណ្ណោះ។
ជាការពិតណាស់ Thiago មិនទាន់មានវត្តមាននៅរដូវកាលនេះនៅឡើយទេ ខណៈដែលគាត់នៅមិនទាន់ជាសះស្បើយពីរបួសត្រគាកដែលបានជួបកាលពីខែមេសា ហើយនៅរដូវក្តៅនេះក៏មានការចាប់អារម្មណ៍ពីក្រុមនៅប្រទេសទួរគី និង Saudi Pro League ។
Thiago បានបញ្ជាក់ប្រាប់ 90MIN អំពីអនាគតនៅ Liverpool ថាគាត់មិនចង់ចាកចេញទេ ប៉ុន្តែគាត់ចង់បង្កើតសមត្ថភាពឡើងវិញក្នុងនាមជាខ្សែបម្រើដែលមានរូបរាងថ្មី ប៉ុន្តែវាមិនអាចទៅរួចទេដោយសារស្ថានភាពរបួសបច្ចុប្បន្នរបស់គាត់។ កិច្ចសន្យារបស់កីឡាករវ័យ 32 ឆ្នាំនឹងផុតកំណត់នៅរដូវក្តៅក្រោយ។
សម្រាប់ Klopp ចង់បន្តកិច្ចសន្យាសម្រាប់ Thiago ប៉ុន្តែ ត្រូវចាំមើលស្ថានភាពជាក់ស្ដែងពីរបួសរបស់គាត់សិន។ អ្នកចាត់ការរូបនេះ បាននិយាយអំពី Thiago ថា៖ «គាត់ជាកីឡាករលំដាប់ពិភពលោក ។ គាត់ជាកីឡាករម្នាក់ដែលគ្រប់គ្នាទទួលស្គាល់ពីគុណភាព ដូច្នេះតាមទស្សនៈរបស់ខ្ញុំ វាជារឿងសោកស្ដាយបើសិនបាត់បង់គាត់»។
គួរបញ្ជាក់ផងដែរ Thiago គឺជាកីឡាករដែលមានប្រាក់ឈ្នួលច្រើនជាងគេបំផុតរបស់ Liverpool៕