កីឡាករសញ្ជាតិម៉ារ៉ុកបានបញ្ចប់ការផ្លាស់ប្តូររបស់គាត់ទៅ Man utd នៅថ្ងៃបិទទីផ្សាដោះដូរកីឡាករនៅរដូវក្ដៅពី Fiorentina លើកិច្ចព្រមព្រៀងខ្ចីជើងក្នុងតម្លៃ 10 លានអឺរ៉ូ ហើយក្រុមរបស់ Erik ten Hag មានជម្រើសដើម្បីធ្វើការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ក្នុងតម្លៃ 25 លានអឺរ៉ូ។ .
ទោះជាយ៉ាងណាក៏ដោយ Liverpool ក៏ស្ថិតនៅក្នុងការចរចាជាមួយ Amrabat នាពេលនោះផងដែរ ដើម្បីបង្កើនជម្រើសខ្សែបម្រើរបស់ពួកគេនៅក្នុងទីផ្សាររដូវក្តៅ ហើយ Amrabat បានបដិសេធមិនព្រមទទួលយកសំណើររបស់ពួកគេ។
ខណះពេលនោះរបាយការណ៍មួយបានអះអាងថា Amrabat នឹងចូលរួមជាមួយ Liverpool ហើយថែមទាំងបានជួបនិយាយជាមួយលោក Jurgen Klopp អំពីការរំពឹងទុកនៃការផ្លាស់ទៅកាន់ទឹកដី Anfield ។ ប៉ុន្តែ Amrabat បានបញ្ជាក់ថាការជួបជាមួយ Ten Hag គឺជាជម្រើសដំបូងរបស់គាត់។
នៅពេលត្រូវបានសួរថាអំពីផ្លាស់ទៅ Man United កីឡាករសញ្ជាតិម៉ារ៉ុកបាននិយាយថា៖ «ក្លឹបជាច្រើនបានទាក់ទងមកកាន់ខ្ញុំ ពួកគេបានផ្ដល់អោយខ្ញុំនូវតម្លៃដ៏ខ្ពស់មួយ ប៉ុន្តែសម្រាប់ខ្ញុំ វាច្បាស់ណាស់ថាខ្ញុំចង់ចូលរួមជាមួយ Manchester United ។ វាជារឿងល្អនៅថ្ងៃចុងក្រោយ ដែលខ្ញុំបានចុះហត្ថលេខាជាមួយក្លឹបដ៏ធំ ហើយនៅទីនេះ គឺជាកន្លែងដែលល្អបំផុត»។
អ្នកសារព័ត៌មានក៏បានសួរ តើគាត់អាចមានលទ្ធភាពនៃការផ្ទេរទៅ Man United ជាអចិន្ត្រៃយ៍នៅចុងបញ្ចប់នៃរដូវកាលនេះទេ? Amrabat បាននិយាយថា៖ «ខ្ញុំមិនទាន់គិតពីរឿងនោះទេ។ សម្រាប់ខ្ញុំ ថ្ងៃនេះខ្ញុំជាកីឡាករ Manchester United។ អ្វីដែលខ្ញុំអាចធ្វើបាន ជារៀងរាល់ថ្ងៃ គឺត្រូវផ្តល់អ្វីគ្រប់យ៉ាងដែលខ្ញុំមាន ធ្វើឱ្យអស់ពីសមត្ថភាព ហើយព្យាយាមជួយក្រុម។ ខ្ញុំសង្ឃឹមថាយើងមានរដូវកាលដ៏អស្ចារ្យមួយ ខ្ញុំសង្ឃឹមថាយើងអាចឈ្នះពានជាមួយក្លឹប។ ពិតណាស់ ខ្ញុំចង់ស្នាក់នៅទីនេះ ប៉ុន្តែខ្ញុំ មិនទាន់អាចនិយាយបានទេពីអនាគត»៕