កីឡាករ Rafael Leao បាននិយាយថាការឈ្នះពានរង្វាន់ Champions League ជាមួយ AC Milan គឺមានតម្លៃសម្រាប់គាត់ជាងប្រាក់ខែ 10 លានអឺរ៉ូដែលអារ៉ាប៊ីសាអូឌីតបានផ្ដល់អោយ ។
កីឡាករ Leao បញ្ជាក់ថា គាត់នឹងមិនធ្វើការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនាពេលអនាគតនោះទេ គាត់បាននិយាយថាគាត់សប្បាយចិត្តនៅ Milan ហើយជឿជាក់ថាក្លឹបជិតឈានដល់ចំណុចមួយដែលអាចឈ្នះ Champions League ម្តងទៀត។
AC Milan មិនបានឈ្នះពានរង្វាន់ Champions League ចាប់តាំងពីឆ្នាំ 2007។ រដូវកាលមុន ពួកគេបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្នុងរដូវកាលនេះពួកគេទទួលបានលទ្ធផលស្មើ 0-0 ទល់នឹងក្រុម Newcastle ។
Leao បានប្រាប់សារព័ត៌មាន GQ របស់ព័រទុយហ្គាល់ថា៖ «ខ្ញុំគិតថាក្លឹបកំពុងតែមានភាពល្អប្រសើរ យើងបានឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Champions League កាលពីរដូវកាលមុន ។ ឥឡូវនេះ គោលដៅរបស់ក្លឹបត្រូវតែបន្តឡើង បន្តបន្ថែម ដើម្បីរក្សាភាពខ្លាំង។ ខ្ញុំប្រាកដថា Milan នឹងឈ្នះពាន Champions League វិញឆាប់ៗនេះ។ ខ្ញុំនិយាយប្រាប់ខ្លួនឯង ខ្ញុំនៅក្មេង ខ្ញុំត្រូវតែឈ្នះពានរង្វាន់អឺរ៉ុប គឺពាន Champions League ខ្ញុំគិតថា នេះវាក៏ជាក្តីស្រមៃរបស់កីឡាករគ្រប់រូបផងដែរ»។
គាត់បានបន្ថែមអំពីការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតថា៖ «ខ្ញុំក៏ធ្លាប់ទទួលបានសំណើរពីក្លឹបនៅទីនោះ ប៉ុន្តែខ្ញុំកំពុងនៅក្លឹបដែលបានស្វាគមន៍ខ្ញុំយ៉ាងល្អ ហើយពេលនេះខ្ញុំបានបន្តកិច្ចសន្យា។ ប្រសិនបើខ្ញុំមានគម្រោងចាកចេញ ខ្ញុំនឹងមិនបន្តទេ ។ ខ្ញុំផ្ដោតលើការធ្វើរឿងដ៏អស្ចារ្យ រយៈពេលពីរ ឬបីឆ្នាំទៀតនៅ AC Milan។ ខ្ញុំមិនទាន់សម្រេចបាននូវរឿងដ៏អស្ចារ្យ ហើយមិនអាចចាកចេញទៅកាន់លីគដូច Saudi Pro League នោះទេ។ សម្រាប់ខ្ញុំ Champions League មានតម្លៃជាងប្រាក់ខែ 10 លានអឺរ៉ូដែលពួកគេបានផ្ដល់អោយ៕