ក្រុមហង្សក្រហម Liverpool បានបង្ហាញភាពល្អរបស់ខ្លួនឡើងវិញ បន្ទាប់ពីការប្រកួតប្រជែងដ៏លំបាកកាលពីរដូវកាលមុន ហើយនៅយប់មិញលោក Jurgen Klopp បានដឹកនាំក្រុមយកឈ្នះក្រុម LASK ក្នុងលទ្ធផល 3-1 សម្រាប់ការប្រកួតពានរង្វាន់ Europa League ។
យោងតាមការចេញផ្សាយ The Mirror បានអោយដឹងថា Trent Alexander-Arnold និង Thiago Alcantara បច្ចុប្បន្នបានរងរបួស ប៉ុន្តែអ្នកទាំងពីរបានចូលទីលានហ្វឹកហាត់នៅមុនការប្រកួតជាមួយ LASK ។ សម្រាប់ Alexander-Arnold ត្រូវបានបង្ខំឱ្យចាកចេញក្នុងជ័យជម្នះរបស់ Liverpool លើក្រុម Aston Villa កាលពីថ្ងៃទី 3 ខែកញ្ញា ជាមួយនឹងបញ្ហាសរសៃពួរ។
លោក Klopp បាននិយាយអំពីស្ថានភាពរបួសរបស់ខ្សែការពារស្តាំថា៖ «របួស Alexander-Arnold មិនមែនជារបួសធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែវាជារបួសសរសៃពួរ ហើយគ្រូពេទ្យប្រាប់ថា គាត់អាចជាសះស្បើយក្នុងរយៈពេល ពីរសប្តាហ៍ទៀត ។ ខណៈពេលគាត់បានចូលទីលានហ្វឹកហាត់ យើងសង្ឃឹមថា គាត់អាចចាប់ផ្តើម ឡើងវិញនៅដើមសប្តាហ៍ក្រោយ»។
ទន្ទឹមនឹងនោះ Thiago បានអវត្តមានដោយសាររបួសត្រគាក ដែលគាត់បានជួបកាលពីចុងរដូវកាលមុន ដែលទាមទារការវះកាត់។ Klopp បាននិយាយអំពីកីឡាករសញ្ជាតិអេស្ប៉ាញថា៖ «Thiago ក៏បានចូលទីលានហ្វឹកហាត់ដែរ គាត់ជាសះស្បើយហើយ»៕