ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងសម្លឹងរកការបន្តកិច្ចសន្យាថ្មីរយៈពេលវែងសម្រាប់ប្រធានក្រុម Son Heung-min នេះបើយោងតាមប្រភព 90min ។
កីឡាករសញ្ជាតិកូរ៉េខាងត្បូងរូបនេះ បានឈានចូលរដូវកាលទី 9 របស់គាត់នៅឯ Spurs ហើយជាប់ចំណាត់ថ្នាក់ទី 6 ក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីគ្រប់ពេលរបស់ក្លឹប។ ទោះបីជា Son នៅសល់ពេលជាង 18 ខែដើម្បីបន្តលើកិច្ចព្រមព្រៀងដែលដំណើរការរហូតដល់ឆ្នាំ 2025 ក៏ដោយប៉ុន្តែ Tottenham បានប្តេជ្ញាផ្តល់ការបន្តឱ្យគាត់។
ប្រភពបានប្រាប់ 90min ថាកិច្ចព្រមព្រៀងមួយត្រូវបានគេរំពឹងថា អាចត្រូវបានបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ។
កីឡាករវ័យ 31 ឆ្នាំបានចាប់ផ្តើមយ៉ាងល្អនៅរដូវកាល 2023/24 ជាពិសេសស៊ុតបញ្ចូលទីបាន Hat-trick ក្នុងជ័យជម្នះ 5-2 របស់ Spurs នៅលើទឹកដីក្រុម Burnley កាលពីដើមខែកញ្ញា។
គ្រូបង្វឹកថ្មីលោក Ange Postecoglou បានឱ្យ Son ក្លាយជាប្រធានក្រុមថ្មីរបស់ក្លឹបជំនួស Hugo Lloris មុនពេលចាប់ផ្តើមយុទ្ធនាការ Premier League របស់ពួកគេ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍វេទិកាអ្នកគាំទ្រកាលពីយប់ថ្ងៃអង្គារ Postecoglou បានលើកសរសើរចំពោះ Son ថា៖ «គ្រប់គ្នាដឹងថាគាត់ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ គាត់ក៏ជាអ្នកដឹកនាំអស្ចារ្យក្នុងក្រុមផងដែរ ជាក់ស្តែងខ្ញុំបានស្គាល់ Son យូរហើយ ព្រោះគាត់ជាកីឡាករឆ្នើមទាំងនៅអាស៊ី និងនៅទ្វីបអឺរ៉ុប គ្រប់គ្នាប្រាប់ថាគាត់គួរអោយគោរពខ្លាំងណាស់។ មិនថាជាមិត្តរួមក្រុម ឬគូប្រកួតនោះទេ គ្រប់គ្នាបាននិយាយយ៉ាងច្រើនពីគាត់។ ខ្ញុំគិតថាគាត់គឺជាប្រធានក្រុមដ៏ល្អឥតខ្ចោះម្នាក់ ហើយយើងមិនគិតគាត់ធ្វើជាប្រធានក្រុមត្រឹមមួយរដូវកាលនោះទេ»៕