សមាគម TAFTAC៖ ប្រាក់ឈ្នួលសរុបជាមធ្យម ២៧៥ដុល្លារក្នុង១ខែ ឬ៣ ៣០០ដុល្លារក្នុង១ឆ្នាំ ដែលកម្មករទទួលបាន គឺខ្ពស់គួរសម ប្រៀបធៀបនឹងចំណូលមធ្យមពលរដ្ឋទូទៅ

0

ភ្នំពេញ៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានលើកឡើងកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ថា៖ «តាមស្ថិតិក្នុងឆ្នាំ២០២៣នេះ កម្មករម្នាក់ៗទទួលបានប្រាក់ឈ្នួលសរុបជាមធ្យមចំនួន ២៧៥ដុល្លារ ក្នុង១ខែ ឬ ៣ ៣០០ដុល្លារក្នុង១ឆ្នាំ ដែលចំនួននេះខ្ពស់គួរសមប្រៀបធៀបទៅនឹងចំណូលមធ្យមរបស់ពលរដ្ឋកម្ពុជាទូទៅ (GDP Per Capita)»។

សមាគម TAFTAC ក៏បានលើកឡើងកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ថា បន្ថែមពីលើប្រាក់ឈ្នួលសរុបជាមធ្យមនេះ កម្មករនិយោជិតក៏ទទួលបាននូវប្រាក់បំណាច់អតីតភាពការងារចំនួន៥ភាគរយ បន្ថែមទៀតនូវរៀងរាល់៦ខែម្តង។ ក្នុងពេលធ្វើការ កម្មករនិយោជិតទាំងអស់ទទួលបាននូវការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងការធានារ៉ាប់រងសុខភាពផងដែរ។ នៅពេលដល់អាយុចូលនិវត្តន៍ កម្មករ និយោជិតទាំងអស់ក៏នឹងទទួលបាននូវប្រាក់សោធនផងដែរ។
កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបន្តកិច្ចប្រជុំរបស់ខ្លួនដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួល អប្បបរមាកម្មករនយោជិត សម្រាប់ឆ្នាំ២០២៤។ តំណាងភាគីកម្មករ និយោជិតបានដាក់គោលជំហរចុងក្រោយរបស់ខ្លួន ចំនួន២ផ្សេងគ្នាគឺ តួលេខ២០៤ដុល្លារអាមេរិក មានសំឡេងគាំទ្រ១២លើ ១៧នាក់ និង២១៣ដុល្លារអាមេរិក មានសំឡេងគាំទ្រ ៥លើ ១៧នាក់។
តំណាងភាគីនិយោជក បានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន ២០១,៥ដុល្លារអាមេរិក ខណៈតំណាងភាគីរាជរដ្ឋាភិបាលដោយឈរលើលក្ខណៈបច្ចេកទេស បានលើកឡើងនូវតួលេខចំនួន ២០២ដុល្លារអាមេរិក។

តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក នឹងស្នើសុំនូវសំណូមពរផ្សេងៗ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ដើម្បីជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវបរិយាកាសវិនិយោគ និងបរិយាកាសធុរកិច្ចកាន់តែប្រសើរ ព្រមទាំងកាត់បន្ថយការចំណាយរបស់កម្មករនិយោជិត ក៏ដូចជាការពារនូវសិទ្ធិ កិត្តិយស និងអត្ថប្រយោជន៍របស់ពួកគាត់។ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ក្នុងពិធីសំណេះសំណាលរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា និងកម្មករនិយោជិតនៅខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ថា៖ «ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ គឺក្រសួងបាននិងកំពុងសម្របសម្រួល ហើយតាមរយៈការប្រជុំកាលពីថ្ងៃទី១៨ ខែកញ្ញា គ្រប់ភាគីបានឯកភាពគ្នាកំណត់កិច្ចប្រជុំ ចុងក្រោយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីចេញជាលទ្ធផលល្អជូនបងប្អូនកម្មករនិយោជិត ឱ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ។ តាមលទ្ធផលបឋមនេះ កម្ពុជាគឺជាប្រទេសតែមួយគត់ក្នុងចំណោមប្រទេសដែលនាំចេញផលិតផលវិស័យវាយនភណ្ឌ ដែលដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤»។

សមាគម TAFTAC បានលើកឡើងបន្តថា ប្រាក់ឈ្នួលអប្បបរមាមិនមែនជាប្រាក់ឈ្នួលសរុបរបស់កម្មករនិយោជិតនោះទេ។ សមាសធាតុនៃប្រាក់ឈ្នួលមានច្រើនដូចជា ប្រាក់ឈ្នួលគោល (អាចខ្ពស់ជាង ឬស្មើ តែមិនអាចទាបជាងកម្រិតប្រាក់ឈ្នួលអប្បបរមា), ប្រាក់រង្វាន់ធ្វើការទៀងទាត់ (ទាបបំផុត ១០ដុល្លារ), ប្រាក់ឧបត្ថម្ភធ្វើដំណើរ ឬស្នាក់នៅ (ទាបបំផុត ៧ដុល្លារ), ប្រាក់អតីតភាពការងារ (ចាប់ពី ២ដុល្លារ ដល់ ១១ដុល្លារ), ប្រាក់ធ្វើការថែមម៉ោង និងប្រាក់ថ្លៃបាយ, ព្រមទាំងប្រាក់រង្វាន់ ឬប្រាក់បន្ថែមផ្សេងៗទៀត។

សមាគមបានបន្ថែមថា ចំពោះការកំណត់ប្រាក់ឈ្នួលអប្បបរមា កម្ពុជាមានយន្តការ និងលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចច្បាស់លាស់។ លក្ខណៈវិនិច្ឆ័យបែបសង្គមរួមមាន ស្ថានភាពគ្រួសា, អត្រាអតិផរណា និង ការចំណាយក្នុងការរស់នៅ ហើយលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ចរួមមាន ផលិតភាពការងារ, ភាពប្រកួតប្រជែងរបស់ប្រទេស, បម្រែបម្រួលនៃទីផ្សារការងារ, និងកម្រិតនៃប្រាក់ចំណេញរបស់វិស័យ។

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ ត្រូវបានរំពឹងថានឹងទាបជាងការព្យាករពីដើមឆ្នាំ២០២៣ បន្តិច គឺមកត្រឹម ៥,៣ភាគរយ ពី៥,៥ភាគរយ ដោយសារតែកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុកនៅក្នុងឆមាសទី១។ របាយការណ៍របស់ ADB បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នៅ៦ភាគរយ ដដែល។

ADB បានឱ្យដឹងថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរបានធ្លាក់ចុះ ១៨,៦ភាគរយ ក្នុងឆមាសទី១នៃឆ្នាំ ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ការធ្លាក់ចុះនេះត្រូវបានប៉ះប៉ូវមួយផ្នែកដោយកំណើន ២២,៩ភាគរយ នៃការនាំចេញផលិតផលកម្មន្តសាលក្រៅពីវិស័យកាត់ដេរ មានជាអាទិ គ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងគ្រឿងសង្ហារឹមជាដើម។របាយការណ៍ក្រសួងការងារបានឱ្យដឹងថា តម្រូវការសកលសម្រាប់ផលិតផលគ្រប់មុខ ក៏ដូចជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប បានចាប់ផ្តើមធ្លាក់ចុះពីត្រីមាសទី៣ ឆ្នាំ២០២២។ ជាមួយគ្នានេះដែរ តម្រូវការរបស់អឺរ៉ុប និងអាមេរិកក៏បានធ្លាក់ចុះចាប់ពីត្រីមាសទី៣ ឆ្នាំ២០២២ ដូចគ្នា។

របាយការណ៍បានឱ្យដឹងទៀតថា ការធ្លាក់ចុះតម្រូវការសកលបានធ្វើឱ្យការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបរបស់ប្រទេសនាំចេញសំខាន់ៗបានធ្លាក់ចុះនៅឆមាសទី១ ឆ្នាំ២០២៣ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ ការនាំចេញទំនិញសរុបរបស់កម្ពុជាបានធ្លាក់ចុះតិចតួចប៉ុណ្ណោះក្នុងឆមាសទី១ ឆ្នាំ២០២៣ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ ដោយឡែក ការនាំចេញផលិតផលវិស័យកាត់ដេរបានធ្លាក់ចុះ១៨,៦ភាគរយ នៅឆមាសទី១ ឆ្នាំ២០២៣ ប៉ុន្តែមានតម្លៃនាំចេញខ្ពស់ជាងឆ្នាំ២០២១ និងឆ្នាំមុនវិបត្តិកូវីដ ១៩ ធៀបរយៈពេលដូចគ្នា៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា